ចៅក្រមអូស្ត្រាលី នៅថ្ងៃចន្ទ (៨ កញ្ញា) នេះ បានកាត់ទោសស្រ្តីម្នាក់ឈ្មោះ Erin Patterson ដែលជាឃាតករក្នុងសំណុំរឿងប្រើផ្សិតពុលសម្លាប់មនុស្ស ៣នាក់កាលឆ្នាំ២០២៣ដ៏កក្រើក ឱ្យជាប់ពន្ធនាគារអស់មួយជីវិត ជាមួយនឹងរយៈពេលមិនអនុញ្ញាតឱ្យនៅក្រៅឃុំ ៣៣ឆ្នាំ ដោយសារតែស្រ្តីរូបនោះបានបំពុលសាច់ញាតិ ៤នាក់ របស់ស្វាមីដែលរស់នៅបែកគ្នារបស់ខ្លួន ជាមួយនឹងផ្សិតពុលម្យ៉ាងឈ្មោះថា "មួកមរណៈ"។

អ្នកស្រី Patterson ត្រូវបានរកឃើញថាមានទោសក្នុងខែកក្កដា ពីបទសម្លាប់ម្តាយក្មេក Gail Patterson ឪពុកក្មេក Donald Patterson និងប្អូនស្រីរបស់ស្វាមីខ្លួនឈ្មោះនាង Heather Wilkinson ដោយដាក់ផ្សិតពុលនៅក្នុងអាហារពេលថ្ងៃត្រង់មួយ ដោយមានអ្នករួចជីវិតម្នាក់ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ ក្នុងទីក្រុង Leongatha ដែលជាទីក្រុងជនបទតូចមួយប្រហែល ១៣៥គីឡូម៉ែត្រ នៅភាគអាគ្នេយ៍នៃទីក្រុងមែលប៊ន។ សំណុំរឿងដ៏ល្បីនេះ ត្រូវបានគេតាមដានទូទាំងពិភពលោក និងដាក់ឈ្មោះថាជាឃាតកម្មផ្សិតពុល Leongatha។
ការកាត់ទោសនេះជារយៈពេលវែងបំផុតមិនធ្លាប់មានសម្រាប់ឃាតករស្ត្រីនៅរដ្ឋ Victoria របស់អូស្រា្តលី ហើយអ្នកស្រី Patterson មានពេល ២៨ថ្ងៃដើម្បីប្តឹងឧទ្ធរណ៍។ ចៅក្រមបាននិយាយថា ការរៀបចំផែនការដ៏ច្រើនដំណាក់កាលនៃឃាតកម្មនេះ និងការពុំមានវិប្បដិសារីរបស់ជនល្មើស មានន័យថា ការកាត់ទោសរបស់អ្នកស្រី Patterson គួរតែមានរយៈពេលវែង៕