អ៊ីស្រាអែល កាលពីថ្ងៃអាទិត្យ (៧ កញ្ញា) បានប្រមានជាថ្មីម្ដងទៀតដល់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស ឱ្យយល់ព្រមចុះចាញ់ដើម្បីបញ្ចប់ទុក្ខសោកនៅតំបន់សង្រ្គាម ហ្កាហ្សា ខណៈយោធាបានបន្តការវាយប្រហារលើកណ្តាលទីក្រុងធំបំផុតរបស់ដែនដីហ្កាហ្សាស្រ្ទីប ជាទីដែលប្រជាជនប៉ាឡេស្ទីនរាប់សែននាក់កំពុងជ្រកកោន។

រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Gideon Saar បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងហ្សេរុយសាឡិមថា សង្រ្គាមអាចបញ្ចប់ភ្លាមៗ ប្រសិនបើក្រុមហាម៉ាស ដោះលែងចំណាប់ថ្នូរសេសសល់នៅហ្កាហ្សា ហើយព្រមទម្លាក់អាវុធចុះចាញ់ ហើយអ៊ីស្រាអែល នឹងរីករាយក្នុងការឈានដល់គោលដៅបែបនេះដោយមធ្យោបាយនយោបាយ។
ជាការឆ្លើយតប មន្ត្រីជាន់ខ្ពស់របស់ក្រុមហាម៉ាស លោក Basem Naim បានប្រាប់សារព័ត៌មានរ៉យទ័រថា ខ្លួននឹងមិនទម្លាក់អាវុធទេ ប៉ុន្តែនឹងព្រមដោះលែងចំណាប់ថ្នូរទាំងអស់ ប្រសិនបើអ៊ីស្រាអែល យល់ព្រមបញ្ចប់សង្រ្គាម ហើយដកកម្លាំងចេញពីតំបន់ហ្កាហ្សា ដោយនេះជាជំហររបស់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនជាយូរមកហើយ។
អ្នកនាំពាក្យយោធាអ៊ីស្រាអែលនិយាយថា កងកម្លាំង IDF នឹង "បន្តប្រតិបត្តិការប្រឆាំងនឹងអង្គការភេរវករនៅតំបន់ហ្កាហ្សាស្ទ្រីប ដើម្បីលុបបំបាត់ការគំរាមកំហែងណាមួយចំពោះជនស៊ីវិលអ៊ីស្រាអែល"។ អ៊ីស្រាអែលបានទទូចជាយូរមកហើយថា ដើម្បីបញ្ចប់សង្រ្គាម ក្រុមហាម៉ាសត្រូវតែដោះលែងចំណាប់ថ្នូរ រំសាយអាវុធ និងមិនអាចតួនាទីក្នុងការគ្រប់គ្រងតំបន់ហ្កាហ្សា ពេលអនាគតបានឡើយ៕

