នគរបាលនិយាយថា ពិរុទ្ធជននូវែសេឡង់ម្នាក់ដែលបានរត់គេចខ្លួនទៅជាមួយកូនរបស់គាត់ ៣នាក់អស់រយៈពេលជិត ៤ឆ្នាំ ត្រូវបានបាញ់សម្លាប់ដោយនគរបាលនៅថ្ងៃចន្ទនេះ ក្រោយប្លន់ហាងផ្គត់ផ្គង់កសិដ្ឋាន ។

លោក Tom Phillips បានបាត់ខ្លួនទៅជាមួយកូនរបស់គាត់ ៣នាក់ ដែលបច្ចុប្បន្នមានអាយុ ៩ឆ្នាំម្នាក់ អាយុ ១០ឆ្នាំម្នាក់ និងអាយុ ១២ឆ្នាំម្នាក់ កាលពីចុងឆ្នាំ ២០២១ ក្នុងករណីដែលបានធ្វើល្បីខ្ទរខ្ទាយទូទាំងប្រទេស ពាក់ព័ន្ធនឹងសមត្ថភាពរបស់លោកក្នុងការគេចផុតពីការចាប់ខ្លួន ។
ស្នងការរងស្តីទីនគរបាលនូវែលសេឡង់លោកស្រី Jill Rogers បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា មន្រ្តីនគបាលម្នាក់ រងការបាញ់ប្រហារឲ្យរងរបួសធ្ងន់ធ្ងរ អំឡុងពេលប៉ុនប៉ងចាប់ខ្លួនលោក Phillips ។ នគរបាលត្រូវបានគេជូនដំណឹងពីករណីចោរប្លន់នៅហាងមួយកន្លែងស្ថិតនៅតំបន់ Waikato កាលពីវេលាម៉ោង ២ និង ៣០នាទីយប់រំលងអាធ្រាត្រចូលដល់ព្រឹកថ្ងៃចន្ទ ម៉ោងក្នុងស្រុក ហើយនិងរាយដែកគោលលើផ្លូវ ដើម្បីបញ្ឈប់ជនសង្ស័យគឺជាលោក Phillips និងកូនប្រុសរបស់លោកម្នាក់ ដែលត្រូវបានគេរំពឹងថានឹងធ្វើដំណើរឆ្លងកាត់ ។
លោកស្រី Rogers បន្តថា ទោចក្រយានយន្តរបស់លោក Phillips បានបែកកង់ក្រោយជាន់ដែកគោល និងមន្រ្តីដំបូងនៅកន្លែងកើតហេតុ បានតតាំងដោយផ្ទុះអាវុធនៅជិតជនសង្ស័យ ។ មន្រ្តីនគរបាលរបស់ពួកយើង រងការបាញ់ប្រហារត្រូវចំក្បាល និងដួលភ្លាមៗនៅកន្លែងកើតហេតុ ។
លោកស្រីបញ្ជាក់ទៀតថា មន្រ្តីនគរបាលទី ២ បានមកដល់ ហើយលោក Phillips រងការបាញ់ប្រហារ ហើយបើទោះបីជាមានការខិតខំជួយសង្រ្គោះគាត់យ៉ាងណាក្តី គាត់នៅតែស្លាប់នៅកន្លែងកើតហេតុដដែល ៕

