អង្គការសុខភាពពិភពលោក (WHO) បានស្នើឲ្យអាជ្ញាធរតាលីបង់លុបចោលការរឹតបន្តឹងលើបុគ្គលិកជំនួយស្ត្រីអាហ្វហ្គានីស្ថាន ដោយអនុញ្ញាតឲ្យពួកគេធ្វើដំណើរដោយគ្មានអ្នកមើលខុសត្រូវជាបុរស និងជួយស្ត្រីដែលជួបការលំបាក ដើម្បីទទួលបានការថែទាំ បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ខ្លាំង បានឆក់យកជីវិតមនុស្ស ២.២០០នាក់យ៉ាងតិច នៅភាគខាងកើតអាហ្វហ្គានីស្ថាន។
តំណាងរងនៃការិយាល័យរបស់ WHO នៅអាហ្វហ្គានីស្ថាន លោកស្រីវេជ្ជបណ្ឌិត Mukta Sharma បានប្រាប់សារព័ត៌មាន Reuters ថា៖ «បញ្ហាដ៏ធំមួយឥឡូវនេះ គឺកង្វះខាតបុគ្គលិកជាស្ត្រីកាន់តែខ្លាំងឡើង នៅទីកន្លែងទាំងនេះ»។
លោកស្រីបានប៉ាន់ប្រមាណថា នៅក្នុងតំបន់ ប្រហែល ៩០ភាគរយនៃបុគ្គលិកពេទ្យ គឺជាបុរស ហើយ ១០ ភាគរយទៀត ច្រើនតែជាពេទ្យឆ្មប និងគិលានុបដ្ឋាយិកា មិនមែនវេជ្ជបណ្ឌិតដែលអាចព្យាបាលរបួសធ្ងន់ធ្ងរបានឡើយ។ នេះគឺជាឧបសគ្គដល់ការថែទាំ ដោយសារស្ត្រីមិនទទួលបានភាពងាយស្រួល ឬភ័យខ្លាចមិនហ៊ានទាក់ទងជាមួយបុគ្គលិកបុរស និងធ្វើដំណើរតែម្នាក់ឯង ដើម្បីទទួលការថែទាំ»។

គួរបញ្ជាក់ដែរថា បន្ថែមពីលើអ្នកស្លាប់ រញ្ជួយដីកម្រិត ៦រ៉ិចទ័រ កាលពីថ្ងៃទី១ ខែកញ្ញា និងរលករញ្ជួយ ក៏បានបណ្ដាលឲ្យមនុស្សជាង ៣.៦០០នាក់ រងរបួស និងបានធ្វើឲ្យមនុស្សរាប់ពាន់នាក់គ្មានផ្ទះសម្បែងជ្រកកោន នៅក្នុងប្រទេសដែលកំពុងជួបការលំបាក ក្នុងដោះស្រាយជាមួយនឹងការកាត់បន្ថយជំនួយធ្ងន់ធ្ងរ និងវិបត្តិមនុស្សធម៌មួយចំនួន ចាប់តាំងពីក្រុមតាលីបង់បានចូលកាន់អំណាច នៅឆ្នាំ២០២១ ខណៈដែលកងកម្លាំងបរទេសបានចាកចេញ។
ទាសក់ទងនឹងសំណើរបស់ WHO ក្រសួងសុខាភិបាលអាហ្វហ្គានីស្ថាន និងអ្នកនាំពាក្យរបស់រដ្ឋបាលតាលីបង់ មិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ៕


