ទីក្រុងហុងកុង បានបិទសាលារៀន ហើយអាជីវកម្មជាច្រើន ត្រូវបានផ្អាកដំណើរការ នៅថ្ងៃចន្ទ (ទី៨ ខែកញ្ញា) នេះ ខណៈដែលព្យុះត្រូពិកដ៏មានកម្លាំង Tapah បានបក់បោកកៀកនឹងដែនដីនេះ ក្នុងរង្វង់ចម្ងាយ ១៧០គីឡូម៉ែត្រ ដោយខ្យល់បក់បោកខ្លាំង និងភ្លៀងធ្លាក់ខ្លាំង ប៉ះពាល់ដល់តំបន់ជាច្រើននៃមជ្ឈមណ្ឌលហិរញ្ញវត្ថុមួយនេះ ដែលជំរុញឲ្យមានការលុបចោលជើងហោះហើរមួយចំនួន។
យ៉ាងណាក្ដី ការខូចខាតហាក់បីដូចជាមិនជាធ្ងន់ធ្ងរឡើយ ដោយផ្លូវធំៗមានសភាពស្ងប់ស្ងាត់ ហើយមិនទាន់មានរបាយការណ៍ អំពីបំណាក់ដី និងទឹកជំនន់ធំនោះឡើយ នៅព្រឹកថ្ងៃចន្ទនេះ។
ការដឹកជញ្ជូនភាគច្រើន រួមទាំងស្រឡាង រថយន្តក្រុង និងរថភ្លើង ត្រូវបានផ្អាក ខណៈពេលដែលប្រព័ន្ធផ្លូវដែកឆ្លងកាត់ដ៏ធំរបស់ទីក្រុងនេះ កំពុងដំណើរការតិចជាងធម្មតា។

ស្ថាប័នអង្កេតអាកាសធាតុរបស់ទីក្រុងហុងកុង បានឲ្យដឹងថា សញ្ញាព្យុះទីហ្វុងទី៨ ដែលជាសញ្ញាខ្ពស់បំផុតទី៣ របស់វា នឹងនៅដដែលរហូតដល់ម៉ោង ១១ព្រឹក។ ការិយាល័យអប់រំរបស់ទីក្រុង បានប្រាប់ថា អាជីវកម្មអាចបើកឡើងវិញបាន ប្រសិនបើសញ្ញាត្រូវបានបន្ទាប ប៉ុន្តែសាលារៀននឹងត្រូវបិទពេញមួយថ្ងៃ។
ខ្យល់បក់ក្នុងល្បឿន ១០១គីឡូម៉ែត្រ ក្នុងមួយម៉ោង ត្រូវបានកត់ត្រានៅក្បែរអាកាសយានដ្ឋានអន្តរជាតិរបស់ទីក្រុងនេះ នៅលើកោះ Lantau នាព្រឹកថ្ងៃចន្ទ ដោយកំសួលខ្យល់របស់ព្យុះខ្លាំងបំផុតដល់ ១៥១ គីឡូម៉ែត្រក្នុងមួយម៉ោង។
ស្ថាប័នអង្កេតអាកាសធាតុបានឲ្យដឹងថា ព្យុះ Tapah បានបក់បោកទៅដល់ដីគោក នៅទីក្រុង Taishan ក្នុងខេត្ត Guangdong ភាគខាងត្បូងប្រទេសចិន នៅវេលាម៉ោង ៨:៥០ព្រឹក ម៉ោងក្នុងស្រុក ហើយវាត្រូវបានគេរំពឹងថា នឹងផ្លាស់ទីទៅឆ្ងាយពីទីក្រុងហុងកុងបន្តិចម្តងៗ៕
