នាយករដ្ឋមន្រ្តីអេស្ប៉ាញលោក Pedro Sanchez និយាយនៅថ្ងៃចន្ទនេះថា ប្រទេសរបស់លោកនឹងបង្កើនសម្ពាធលើអ៊ីស្រាអែល តាមរយៈការហាមប្រាមនាវាធ្វើដំណើរទៅកាន់អ៊ីស្រាអែល និងយន្តហោះដឹកអាវុធ ពីការចូលចតនៅកំពង់ផែអេស្ប៉ាញ និងហោះហើរចូលដែនអាកាសអេស្ប៉ាញ ។
លោកថា អេស្ប៉ាញនឹងបង្កើនជំនួយផងដែរដល់អាជ្ញាធរប៉ាឡេស្ទីន និងទីភ្នាក់ងារការងារជួយសង្រ្គោះអង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន(UNRWA) ហើយនិងហាមឃាត់ទំនិញផលិតក្នុងតំបន់តាំងលំនៅនិគមន៍អ៊ីស្រាអែល នៅដែនដីកាន់កាប់ប៉ាឡេស្ទីន ។

លោក Sanchez បាននិយាយនៅក្នុងសុន្ទរកថាជាសាធារណៈចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ក្នុងស្រុកថា ពួកយើងសង្ឃឹមថា វិធានការនេះនឹងក្លាយជាសម្ពាធបន្ថែមទៀតលើនាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Netanyahu និងរដ្ឋាភិបាលរបស់លោក ដើម្បីសម្រាលទុក្ខលំបាកដែលជនប៉ាឡេស្ទីនកំពុងទទួលរង ។
អេស្ប៉ាញនឹងហាមប្រាមផងដែរពុំអនុញ្ញាតឲ្យអ្នកដែលបានជាប់ពាក់ព័ន្ធដោយផ្ទាល់នូវអ្វីដែលលោក Sanchez ចាត់ថ្នាក់ថាជាអំពើប្រល័យពូជសាសន៍ ពីការចូលក្នុងប្រទេសរបស់លោក ។
ពាក់ព័ន្ធនឹងសម្ពាធថ្មីនេះដែរ រដ្ឋមន្រ្តីការបរទេសអ៊ីស្រាអែលលោក Gideon Saar និយាយនៅក្នុងសេចក្តីថ្លែងការណ៍នាថ្ងៃចន្ទនេះថា លោក Sanchez កំពុងព្យាយាមបង្វែរចំណាប់អារម្មណ៍របស់សាធារណជនពីរឿងអាស្រូវពុករលួយក្នុងប្រទេសរបស់លោក ហើយនិងចាត់ទុកវិធានការរបស់លោកថាជាអរិភាពប្រឆាំងជនជាតិជ្វីហ្វ ។
អ៊ីស្រាអែល បានឆ្លើយតបវិញជាមួយបំរាមរដ្ឋមន្រ្តីការងារអេស្ប៉ាញលោក Yolanda Diaz និងរដ្ឋមន្រ្តីយុវជនអេស្ប៉ាញលោក Sira Rego ពីការចូលទឹកដីអ៊ីស្រាអែល ៕
