ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មានពេលដែលលោកធ្វើដំណើរវិលត្រឡប់ទៅកាន់ទីក្រុងវ៉ាស៊ីនតោនវិញពីទីក្រុងញូវយ៉កកាលពីថ្ងៃអាទិត្យថា លោកគិតថា ពួកយើងនឹងមានកិច្ចព្រមព្រៀងក្នុងពេលដ៏ខ្លីខាងមុខនេះ នៅតំបន់ហ្កាហ្សា ប៉ុន្តែលោកពុំបានផ្តល់រឿងរ៉ាវលម្អិតនោះទេ ។

លោកបន្តថា លោកគិតថា ចំណាប់ថ្នូរទាំងអស់នឹងប្រគល់ឲ្យមកវិញ ទាំងចំណាប់ថ្នូរស្លាប់ ឬចំណាប់ថ្នូរនៅរស់រាន ។ លោកគិតថា ពួកយើងនឹងទទួលបានពួកគេទាំងអស់ត្រឡប់មកវិញ ។
កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅ សារព័ត៌មាន N12 News របស់អ៊ីស្រាអែល រាយការណ៍ថា លោក Trumpបានផ្តល់សំណើបទឈប់បាញ់ថ្មីដល់ក្រុមហាម៉ាស ។
សារព័ត៌មាន N12 Newsរាយការណ៍ថា ក្រោមកិច្ចព្រមព្រៀងនោះ ក្រុមហាម៉ាស ត្រូវដោះលែងចំណាប់ថ្នូរសេសសល់ទាំងអស់ ៤៨នាក់នៅថ្ងៃដំបូងនៃបទឈប់បាញ់ ជាការដោះដូរនឹងអ្នកទោសប៉ាឡេស្ទីនរាប់ពាន់នាក់ ដែលជាប់ពន្ធនាគារនៅអ៊ីស្រាអែល ហើយនិងចរចាដើម្បីបញ្ចប់សង្រ្គាម អំឡុងពេលបទឈប់បាញ់នៅដែនដីមួយនេះ ។
មន្រ្តីអ៊ីស្រាអែលមួយរូប និយាយថា អ៊ីស្រាអែលកំពុងគិតគូរយ៉ាងហ្មត់ចត់ចំពោះសំណើរបស់លោក Trump ប៉ុន្តែលោកពុំបានបរិយាយរឿងរ៉ាវលម្អិតនោះទេ ៕
