ក្រុមមន្រ្តីអ៊ុយក្រែននិយាយថា រុស្ស៊ីបានបើកការវាយប្រហារតាមច្រកអាកាសទ្រង់ទ្រាយធំបំផុតរបស់ខ្លួនអំឡុងសង្រ្គាមលើអ៊ុយក្រែនកាលពីយប់កន្លងទៅ ដោយធ្វើឲ្យអគារដ្ឋាភិបាលសំខាន់ៗ រងការឆាបឆេះជាអគ្គិភ័យឡើង នៅកណ្តាលទីក្រុងគីវ និងបានសម្លាប់មនុស្សយ៉ាងហោច ៤នាក់ រួមទាំងទារកម្នាក់ផងដែរ ។
ប្រេសិតពិសេសសហរដ្ឋអាមេរិកប្រចាំនៅអ៊ុយក្រែនលោក Keith Kellogg និយាយថា ការវាយប្រហារចុងក្រោយរបស់រុស្ស៊ីនេះ ទំនងជាការកើនឡើងនៃជម្លោះ ។
លោក Kellogg បានសរសេរនៅក្នុងសារបង្ហោះលើបណ្តាញព័ត៌មានសង្គម Xថា ការវាយប្រហារនេះ មិនមែនជាសញ្ញាមួយដែលរុស្ស៊ីចង់បញ្ចប់សង្រ្គាមមួយនេះដោយវិស័យការទូតនោះឡើយ ។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy និយាយថា ការវាយប្រហារយានដ្រូន និងមីស៊ីល បានសម្លាប់មនុស្ស ៤នាក់ និងបណ្តាលឲ្យមានការខូចខាតនៅទូទាំងតំបន់ភាគខាងជើង និងតំបន់ភាគខាងកើតប្រទេស រួមទាំងទីក្រុង Zaporizhzhia, Kryvyi Rih និងទីក្រុង Odesa ក៏ដូចជាតំបន់ Sumy និងតំបន់ Chernihiv ។

លោក Zelenskiy និយាយនៅក្នុងសារបង្ហោះលើបណ្តាញព័ត៌មានសង្គម Xថា ការសម្លាប់បែបនេះ ពេលដែលវិស័យការទូតពិតប្រាកដអាចចាប់ផ្តើមតាំងពីយូររួចទៅហើយនោះ គឺជាឧក្រិដ្ឋកម្មដោយចេតនា និងការពន្យាពេលសង្រ្គាម ។ លោកបានធ្វើការអំពាវនាវសារជាថ្មី ដល់សម្ព័ន្ធមិត្តឲ្យជួយពង្រឹងប្រព័ន្ធការពារដែនអាកាសអ៊ុយក្រែន ។
ក្រោយថ្ងៃរះ ផ្សែងយ៉ាងក្រាស់ ត្រូវបានគេមើលឃើញហុយឡើងលើអាកាសចេញពីជាន់លើអគាររដ្ឋាភិបាលដែលរងការឆាបឆេះ ស្ថិតនៅសង្កាត់ប្រវត្តិសាស្រ្ត Pecherskyi ។
កន្លែងផ្សេងទៀតនៅក្នុងទីក្រុងគីវ អគារផ្ទះល្វែងអ្នកស្រុក រងការវាយប្រហារ និងរងការខូចខាត ក្នុងនោះ ប្រជាពលរដ្ឋរុំភួយ បានជួបជុំគ្នានៅតាមផ្លូវខាងក្រៅផ្ទះរងការខូចខាតរបស់ពួកគេ ស្របពេលក្រុមជួយសង្រ្គោះ ព្យាយាមពន្លត់អណ្តាតភ្លើង ៕
