ប្រទេសន័រវែសបានរៀបចំការបោះឆ្នោត នៅថ្ងៃចន្ទ (ទី៨ ខែកញ្ញា) នេះ ជាថ្ងៃចុងក្រោយនៃការបោះឆ្នោតសភាដែលគ្របដណ្ដប់ដោយក្តីបារម្ភ អំពីការកើនឡើងនៃការចំណាយនៃការរស់នៅ ក្នុងស្រុក និងភាពចលាចលនៃនយោបាយអន្តរជាតិ ដោយគណបក្សការងារ (Labour Party) ដែលកំពុងកាន់អំណាច ត្រូវបានគេរំពឹងថា មានឱកាសតិចតួចក្នុងការបន្តកាន់តំណែង។
បើយោងតាមមធ្យមភាគនៃការស្ទង់មតិ នាពេលថ្មីៗនេះ បានឲ្យដឹងថា ប្លុកឆ្វេងនិយមនៃគណបក្សកាងារ និងគណបក្សតូចៗ ៤ផ្សេងទៀត ត្រូវបានគេមើលឃើញថា ឈ្នះបាន ៨៨អាសនៈ ក្នុងសភា ដោយមាន ៣កៅអីច្រើនជាងចំនួនត្រូវការអប្បរមា ដើម្បីទទួលបានសំឡេងភាគច្រើន តែថយចុះពីកម្រិតរួមគ្នា ១០០អាសនៈ ក្នុងឆ្នាំ២០២១។

សម្រាប់ក្រុមស្ដាំនិយម គណបក្សប្រជានិយម Progress Party គណបក្សស្ដាំ-កណ្តាលនិយម Conservatives និងក្រុមតូចៗ ២ផ្សេងទៀត មើលទៅនឹងឈ្នះកៅអីនៅសល់ចំនួន ៨១ ប៉ុន្តែការព្យាករការស្ទង់មតិ គឺស្ថិតក្នុងកម្រិតល្អៀងគ្នា ហើយលទ្ធផលអាចអាស្រ័យលើថា តើគណបក្សតូចបំផុតមួយចំនួនទទួលបានលទ្ធផលយ៉ាងដូចម្ដេច។
អតិផរណា ពន្ធ និងគុណភាពនៃសេវាសាធារណៈ គឺជាបញ្ហាសំខាន់នៅក្នុងយុទ្ធនាការ ហើយលទ្ធផលអាចជះឥទ្ធិពលដល់ឧស្សាហកម្មប្រេង និងឧស្ម័ន និងការផ្គត់ផ្គង់ថាមពលទៅកាន់អឺរ៉ុប ក៏ដូចជាការគ្រប់គ្រងមូលនិធិទ្រព្យសម្បត្តិអធិបតេយ្យចំនួន ២សែនកោដិដុល្លារអាមេរិករបស់ប្រទេសន័រវែស។
ប៉ុន្តែសង្គ្រាមនៅអ៊ុយក្រែន និងតំបន់ហ្កាហ្សា និងគោលនយោបាយការបរទេស និងពាណិជ្ជកម្មរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ក៏បានលេចចេញជាបញ្ហាប្រឈមផងដែរ ហើយក្រុមអ្នកវិភាគ បានលើកឡើងថា នេះអាចផ្តល់ផលចំណេញដល់នាយករដ្ឋមន្ត្រីរបស់គណបក្សការងារ គឺលោក Jonas Gahr Store ជាអតីតរដ្ឋមន្ត្រីការបរទេសដែលបង្ហាញខ្លួនឯងថា ជាជម្រើសដ៏មានសុវត្ថិភាព។
ការបោះឆ្នោតរយៈពេល ២ថ្ងៃនេះ នឹងបញ្ចប់នៅម៉ោង ១៩:០០ ម៉ោងសកល ដោយនឹងតាមមកដោយការស្ទង់មតិភ្លាមៗលើអ្នកចេញពីម្ឌលបោះឆ្នោត ហើយលទ្ធផលចុងក្រោយរំពឹងថា នឹងត្រូវបានបង្ហាញ នៅព្រឹកព្រលឹមថ្ងៃទី៩ ខែកញ្ញា៕

