ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បានអំពាវនាវសុំការគាំទ្របន្ថែមទៀតពីសម្ព័ន្ធមិត្ត ក្រោយរុស្ស៊ីបើកការវាយប្រហារយានដ្រូន និងមីស៊ីលទ្រង់ទ្រាយធំបំផុត បណ្តាលឲ្យមនុស្ស ៤នាក់ស្លាប់ ។
លោកនិយាយថា ការវាយប្រហារនេះ បណ្តាលឲ្យមានការខូចខាតនៅទូទាំងតំបន់ភាគខាងជើង និងតំបន់ភាគខាងកើតប្រទេស រួមទាំងទីក្រុង Zaporizhzhia, Kryvyi Rih និងទីក្រុង Odesa ក៏ដូចជាតំបន់ Sumy និងតំបន់ Chernihiv ។

ក្រុមមន្រ្តីអ៊ុយក្រែននិយាយថា រុស្ស៊ីបានបើកការវាយប្រហារតាមច្រកអាកាសទ្រង់ទ្រាយធំបំផុតរបស់ខ្លួនអំឡុងសង្រ្គាមលើអ៊ុយក្រែនកាលពីយប់កន្លងទៅ ដោយធ្វើឲ្យអគារដ្ឋាភិបាលសំខាន់ៗ រងការឆាបឆេះជាអគ្គិភ័យឡើង នៅកណ្តាលទីក្រុងគីវ និងបានសម្លាប់មនុស្សយ៉ាងហោច ៤នាក់ រួមទាំងទារកម្នាក់ផងដែរ ។
លោក Zelenskiy អំពាវនាវឲ្យមានការឆ្លើយតបទូលំទូលាយពីសម្ព័ន្ធមិត្តអឺរ៉ុបរបស់អ៊ុយក្រែន ដោយលោកបន្តថា លោក Putinមិនចង់ចរចានោះទេ ច្បាស់ណាស់ថាគាត់លាក់ខ្លួនពីការចរចា ។
ខណៈពេលនោះដែរ សម្ព័ន្ធមិត្តអឺរ៉ុបរបស់ទីក្រុងគីវ បានធ្វើការថ្កោលទោសការវាយប្រហារមួយនេះ និងសន្យាឈរខាងអ៊ុយក្រែនទាំងផ្នែកនយោបាយ និងយោធា ប៉ុន្តែការផ្តល់ជំនួយយ៉ាងរឹងមាំ រួមទាំងលទ្ធភាពនៃទាហានជើងគោក នៅត្រូវពិភាក្សានៅឡើយ ៕
