នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu និយាយថា អ៊ីស្រាអែលចុះប្រតិបត្តិការសឹកកាន់តែជ្រៅនៅក្នុង និងជុំវិញទីក្រុងហ្កាហ្សា ស្របពេលដែលយោធាបើកការវាយប្រហារលើមជ្ឈមណ្ឌលក្រុងធំបំផុតនៅតំបន់ហ្កាហ្សា ជាកន្លែងដែលជនប៉ាឡេស្ទីនរាប់សែននាក់ កំពុងជ្រកកោន ។
លោកថា មកទល់នឹងពេលនេះ មនុស្ស ១០ម៉ឺននាក់ បានចាកចេញពីក្រុងមួយនេះ ។

កាលពីព្រឹកថ្ងៃអាទិត្យ រដ្ឋមន្រ្តីការបរទេសអ៊ីស្រាអែលលោក Gideon Saar និយាយប្រាប់ក្រុមអ្នកសារព័ត៌មាននៅទីក្រុងហ្សេរុយសាឡឹមថា សង្រ្គាមនឹងបញ្ចប់ភ្លាម បើសិនជាក្រុមហាម៉ាស ដោះលែងចំណាប់ថ្នូរសេសសល់ដែលជាប់ខ្លួននៅតំបន់ហ្កាហ្សា ហើយនិងទម្លាក់អាវុធចុះរបស់ពួកគេ ។
ជាការឆ្លើយតបចំពោះការគំរាមនេះ លោក Basem Naim គឺជាមន្រ្តីជាន់ខ្ពស់មួយរូបរបស់ក្រុមហាម៉ាស និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ពួកគេនឹងមិនទម្លាក់អាវុធនោះទេ ប៉ុន្តែពួកគេនឹងដោះលែងចំណាប់ថ្នូរទាំងអស់ បើសិនជាអ៊ីស្រាអែលយល់ព្រមបញ្ចប់សង្រ្គាម និងដកកងកម្លាំងរបស់ពួកគេចេញពីតំបន់ហ្កាហ្សា គឺជាជំហរមួយដែលក្រុមជីវពលប៉ាឡេស្ទីនមួយនេះ បានប្រកាន់ភ្ជាប់ជាយូរមកហើយ ។
កាលពីខែមុន អ៊ីស្រាអែល បានបើកការវាយប្រហារលើទីក្រុងហ្កាហ្សា ដែលជាមជ្ឈមណ្ឌលក្រុងធំបំផុតនៅដែនដីហ្កាហ្សាស្រ្ទីប និងបច្ចុប្បន្នកងកម្លាំងរបស់ពួកគេស្ថិតនៅចម្ងាយប៉ុន្មានគ.មប៉ុណ្ណោះ ពីមជ្ឈមណ្ឌលទីក្រុង ៕
