ទូរទស្សន៍រដ្ឋ រាយការណ៍ថា នៅថ្ងៃចន្ទនេះ មនុស្សយ៉ាងហោច ១៤នាក់ ត្រូវបានសម្លាប់ និងមនុស្សរាប់សិបនាក់ផ្សេងទៀតរងរបួស នៅទីក្រុងកដ្ឋម៉ាន់ឌូ ក្រោយការប៉ះទង្គិចគ្នារវាងក្រុមនគរបាល និងក្រុមបាតុករនៅជុំវិញបរិវេសសភា ។ បាតុកររងរបួស ត្រូវបានបញ្ជូនទៅព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែក ហើយបាតុករនាំគ្នាបញ្ឈប់រថយន្តកងកម្លាំងសន្តិសុខពីការធ្វើដំណើរទៅកាន់សភា និងដុតកម្ទេចចោលរថយន្តគិលានសង្រ្គោះ ។
នេប៉ាល់ បានបិទការចូលដល់វេទិកាព័ត៌មានសង្គមជាច្រើន រួមទាំង Facebook ផងដែរ កាលពីសប្តាហ៍មុន ក្រោយពួកគេមិនបានចុះបញ្ជីជាមួយអាជ្ញាធរ លើការបង្រ្កាបការប្រើប្រាស់ខុស ។

រដ្ឋាភិបាលនេប៉ាល់និយាយថា អ្នកប្រើប្រាស់ព័ត៌មានសង្គមជាមួយអត្តសញ្ញាណក្លែងក្លាយ កំពុងផ្សព្វផ្សាយពាក្យសំដីស្អប់ខ្ពើម ព័ត៌មានក្លែងក្លាយ ព្រមទាំងប្រព្រឹត្តិការក្លែងបន្លំ និងឧក្រិដ្ឋកម្មផ្សេងៗតាមរយៈវេទិកាមួយចំនួន។
អាជ្ញាធរបានដាក់ចេញនូវបម្រាមគោចរ ជុំវិញអគារសភា បន្ទាប់ពីបាតុកររាប់ពាន់នាក់ បានព្យាយាមចូលទៅក្នុងសភា ដោយទម្លុះរបងការពាររបស់នគរបាល ។
លោក Muktiram Rijal អ្នកនាំពាក្យការិយាល័យក្រុងកដ្ឋម៉ាន់ឌូ បាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ពួកយើងបានដាក់បម្រាមគោចរដែលនឹងនៅតែធរមានរហូតដល់ម៉ោង ១០យប់ ម៉ោងក្នុងស្រុកថ្ងៃនេះ ដើម្បីធ្វើឲ្យស្ថានការណ៍ស្ថិតក្រោមការគ្រប់គ្រង បន្ទាប់ពីបាតុករចាប់ផ្តើមបង្កអំពើហិង្សា ។
លោកបន្តថា នគរបាលទទួលបានការបញ្ជាឲ្យប្រើប្រាស់កាណុងបាញ់ទឹក ដំបង និងគ្រាប់កាំភ្លើងកៅស៊ូ ដើម្បីគ្រប់គ្រងហ្វូងបាតុករ ៕
