ភ្នំពេញ ៖ មានប្រសាសន៍ក្នុងកិច្ចប្រជុំគណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងការធ្វើជំរឿនមន្ត្រីជាក់ស្តែង ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានលើកឡើងថា “ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងការធ្វើជំរឿនមន្ត្រីជាក់ស្តែង នឹងផ្តល់ទិន្នន័យរួមមួយដែលមានភាពគ្រប់ជ្រុងជ្រោយ សង្គតិភាព អាចជឿទុកចិត្តបានពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ សម្រាប់ការប្រើប្រាស់ជារួមនៅក្នុងប្រព័ន្ធរួមតែមួយនៃរដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល។” ឯកឧត្តមលើកឡើងបែបនេះ ដោយបានបញ្ជាក់ពីសារៈសំខាន់នៃការធ្វើជំរឿនមន្ត្រីនេះថា ជាជំហានបន្ថែមមួយទៀតក្នុងការពង្រឹងប្រព័ន្ធរដ្ឋបាលសាធារណៈ។ “ការពង្រឹងប្រព័ន្ធរដ្ឋបាលសាធារណៈ ក៏គឺជាការពង្រឹងសមត្ថភាពខ្មែរ” ឯកឧត្តមបានបន្ថែម។
កិច្ចប្រជុំនារសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥នេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការដែលជាសមាជិក សមាជិកានៃគណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងការធ្វើជំរឿនមន្ត្រីជាក់ស្តែងទាំង៣គោលដៅ នៃក្រសួងមុខងារសាធារណៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ក្រសួងអប់រំយុវជន និងកីឡា ក្រសួងសុខាភិបាល រដ្ឋបាលរាជធានីភ្នំពេញ មន្ទីរមុខងារសាធារណៈ មន្ទីរអប់រំ យុវជន និងកីឡា និងមន្ទីរសុខាភិបាល រាជធានីភ្នំពេញ និងអង្គភាពពាក់ព័ន្ធផ្សេងទៀត។
កិច្ចប្រជុំបានកំណត់ថា ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែង សម្រាប់រចនាសម្ព័ន្ធក្រសួងស្ថាប័ន នឹងចាប់ផ្តើមនៅក្រសួងមុខងារសាធារណៈ។ ទន្ទឹមនោះ សម្រាប់រចនាសម្ព័ន្ធនៃគ្រឹះស្ថានសិក្សាសាធារណៈ នឹងចាប់ផ្តើមនៅខណ្ឌដូនពេញ ហើយសម្រាប់រចនាសម្ព័ន្ធ នៃអង្គភាពសុខាភិបាលមូលដ្ឋាន នឹងចាប់ផ្តើមនៅការិយាល័យស្រុកប្រតិបត្តិចតុមុខ រាជធានីភ្នំពេញ៕









