ក្រសួងការពារជាតិរបស់ទីក្រុងសេអ៊ូល បានឲ្យដឹងថា រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង និងជប៉ុន បានព្រមព្រៀងគ្នា នៅថ្ងៃចន្ទ (ទី៨ ខែកញ្ញា) នេះ ដើម្បីបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយទីក្រុងវ៉ាស៊ីនតោន ប្រឆាំងនឹងការគំរាមកំហែងនុយក្លេអ៊ែររបស់កូរ៉េខាងជើង និងទំនាក់ទំនងយោធាដែលកំពុងកើនឡើងរបស់ក្រុងព្យុងយ៉ាងជាមួយរុស្ស៊ី។
នេះគឺជាការធ្វើដំណើរផ្លូវការលើកដំបូងទៅកាន់ទីក្រុងសេអ៊ូល ដោយរដ្ឋមន្ត្រីការពារជាតិជប៉ុន គិតចាប់តាំងពីឆ្នាំ២០១៥ ហើយកើតឡើងចំពេលមានភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ នៅក្នុងតំបន់ និងបន្ទាប់ពីមានការបង្ហាញកម្លាំងដោយប្រទេសចិន អំឡុងព្យុហយាត្រាយោធា កាលពីសប្តាហ៍មុន ដែលចូលរួមដោយមេដឹកនាំកូរ៉េខាងជើង។
ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក Ahn Gyu-back និងសមភាគីជប៉ុនរបស់លោក គឺលោក Gen Nakatani បានយល់ព្រមធ្វើកិច្ចពិភាក្សាផ្នែកការពារជាតិបន្ថែមទៀត និងបានអះអាងឡើងវិញនូវការប្តេជ្ញាចិត្តរបស់ភាគីទាំង២ ចំពោះការលុបបំបាត់នុយក្លេអ៊ែរទាំងស្រុង នៅឧបទ្វីបកូរ៉េ។
ក្រសួងបានបន្ថែមថា ប្រទេសទាំង២ ក៏នឹងបន្តកិច្ចសហប្រតិបត្តិការ នៅវ័ស័យបច្ចេកវិទ្យាយោធាកម្រិតខ្ពស់ ដូចជាបញ្ញាសិប្បនិម្មិត (AI) ប្រព័ន្ធការពារគ្មានមនុស្សបញ្ជា និងលំហអាកាស៕