យោធាអ៊ីស្រាអែលបាននិយាយនៅថ្ងៃចន្ទ (ទី៨ ខែកញ្ញា) នេះថា ខ្លួនបានស្ទាក់ចាប់យានដ្រូនបង្ហោះចេញពីប្រទេសយេម៉ែន បន្ទាប់ពីសំឡេងស៊ីរ៉ែន បានបន្លឺឡើងនៅជិតទីក្រុង Eilat ពោលគឺមួយថ្ងៃបន្ទាប់ពីក្រុមហ៊ួទីរបស់យេម៉ែន បានវាយប្រហារអាកាសយានដ្ឋានមួយ នៅជិតទីក្រុងអ៊ីស្រាអែលភាគខាងត្បូងដោយយានដ្រូន។
ហើយនៅយប់ថ្ងៃចន្ទនេះ យោធាបានប្រាប់ថា សំឡេងស៊ីរ៉ែនបានបន្លឺឡើងនៅក្នុងតំបន់ Negev បន្ទាប់ពីមានការឈ្លានពានដោយយានដ្រូនផ្សេងទៀត។ តែយ៉ាងណាក្ដី យោធាមិនបានបញ្ជាក់ថា តើមានអ្វីកើតឡើងចំពោះយានដ្រូននោះទេ។
អាកាសយានដ្ឋាន Ramon របស់អ៊ីស្រាអែល នៅជិតទីក្រុង Eilat បានចាប់ផ្តើមប្រតិបត្តិការឡើងវិញ បន្ទាប់ពីត្រូវបានបិទរយៈពេលខ្លី កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងមក នៅពេលដែលយានដ្រូនហោះចេញពីយេម៉ែន បានវាយប្រហារសាលអ្នកដំណើរមកដល់។
គួរបញ្ជាក់ថា ក្រុមហ៊ួទីគាំទ្រដោយអ៊ីរ៉ង់ បាននិងកំពុងបាញ់មីស៊ីល និងយានដ្រូនរាប់ពាន់គីឡូម៉ែត្រចេញពីភាគខាងជើងសំដៅទៅប្រទេសអ៊ីស្រាអែល គិតចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាម នៅតំបន់ហ្កាហ្សា ជាអ្វីដែលក្រុមសកម្មប្រយុទ្ធមួយនេះប្រាប់ថា គឺជាសកម្មភាពបង្ហាញសាមគ្គីភាពជាមួយប៉ាឡេស្ទីន។
អ៊ីស្រាអែលបានសងសឹកវិញដោយទម្លាក់គ្រាប់បែកលើតំបន់ដែលគ្រប់គ្រងដោយក្រុមហ៊ូទី នៅប្រទេសយេម៉ែន ក្នុងនោះមានរួមទាំងកំពង់ផែដ៏សំខាន់ Hodeidah ផងដែរ៕