សហភាពអឺរ៉ុប (EU) នៅថ្ងៃចន្ទ (ទី៨ ខែកញ្ញា) នេះ បានប្រាប់ឲ្យដឹងថា ខ្លួនមិន «លើកទឹកចិត្ត» ឲ្យមានកងនាវាជំនួយធ្វើដំណើរទៅកាន់តំបន់ហ្កាហ្សានោះឡើយ ខណៈដែលនាវាដឹកជំនួយមនុស្សធម៌ និងសកម្មជនគាំទ្រប៉ាឡេស្ទីន ក្នុងនោះមានរួមទាំងនាង Greta Thunberg ផងដែរ សំដៅឆ្ពោះទៅកាន់ដែនដីដែលរងការបំផ្លិចបំផ្លាញដោយសង្រ្គាម។
អ្នកនាំពាក្យ EU លោកស្រី Eva Hrncirova បាននិយាយថា៖ «យើងមិនលើកទឹកចិត្តឲ្យមានកងនាវាជំនួយបែបនេះទេ ពីព្រោះជាមូលដ្ឋាននាវាទាំងនោះអាចបង្កើនឲ្យស្ថានភាពកាន់តែអាក្រក់ ហើយក៏ធ្វើឲ្យអ្នកចូលរួមប្រឈមនឹងហានិភ័យផងដែរ»។
លោកស្រី Hrncirova បានបញ្ជាក់ថា EU ជឿជាក់លើ «មធ្យោបាយដ៏ល្អបំផុត ដើម្បីផ្តល់ជំនួយមនុស្សធម៌» គឺតាមរយៈអង្គការដៃគូដែលកំពុងធ្វើការផ្អែកលើស្ថានភាព។ លោកស្រីបានបន្ថែមថា៖ «នេះគឺជាអ្វីដែលយើងព្យាយាមសម្រេចឲ្យបាន ដើម្បីផ្តល់ជំនួយមនុស្សធម៌ ក្នុងទ្រង់ទ្រាយធំ ហើយយើងបន្តមានទំនាក់ទំនងជាមួយអ៊ីស្រាអែល ហើយយើងជជែកជាមួយអាជ្ញាធរអ៊ីស្រាអែល»។
គួរបញ្ជាក់ថា នាវាផ្ដល់ជំនួយតូចៗតម្រង់ទៅតំបន់ហ្កាហ្សាប្រហែល ២០គ្រឿង បានចាកចេញពីទីក្រុង Barcelona ប្រទេសអេស្ប៉ាញ កាលពីសប្តាហ៍មុន ហើយគ្រោងនឹងទៅដល់គោលដៅរបស់ខ្លួន នៅពាក់កណ្តាលខែកញ្ញា។ ការធ្វើនាវាចរណ៍នោះកើតឡើងបន្ទាប់ពីអ៊ីស្រាអែលបានរារាំងការប៉ុនប៉ងរបស់សកម្មជនចំនួន ២លើក ក្នុងការផ្តល់ជំនួយដល់ដែនដីប៉ាឡេស្ទីនដែលត្រូវបានបំផ្លិចបំផ្លាញ តាមរយៈនាវា កាលពីខែមិថុនា និងខែកក្កដា៕