
ភ្នំពេញ៖ អាជ្ញាធរខេត្តកំពង់ឆ្នាំង កំពុងប្រើប្រាស់យន្តការចំនួន ២ចំណុច ដើម្បីដោះស្រាយទំនាស់ និងសំណូមពរនានា របស់ពលរដ្ឋនៅក្នុងខេត្ត ដោយទទួលបានលទ្ធផលជាផ្លែផ្កា និងទទួលការស្វាគមន៍ពីប្រជាពលរដ្ឋ។
ក្នុងឱកាសចូលរួមសន្និសីទសារព័ត៌មានស្តីពី វឌ្ឍនភាពមូលដ្ឋាន ឃុំ សង្កាត់ និងទិសដៅការងារបន្ត ក្នុងខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ នាទីស្ដីការគណៈរដ្ឋមន្ត្រី ឯកឧត្តម ឡុង ឈុនឡៃ មានប្រសាសន៍ថា យន្តការទាំងពីរចំណុច ដែលយកមកដោះស្រាយទំនាស់ និងសំណូមពររបស់ពលរដ្ឋនោះ ទី១. ការដោះស្រាយនៅតាមវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ជាមួយប្រជាពលរដ្ឋ និងទី២. ការបង្កើតក្រុមការងារដោះស្រាយទំនាស់ និងសំណូមពរបន្ទាន់ ដល់មូលដ្ឋានផ្ទាល់។
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ថា សម្រាប់ការអនុវត្តយន្តការដោះស្រាយទំនាស់ និងសំណូមពរនេះ គឺរដ្ឋបាលខេត្ត បានរៀបចំអភិបាលរង សមាជិកក្រុមប្រឹក្សាខេត្ត និងមន្ត្រីមន្ទីរអង្គភាពជុំវិញខេត្ត ចាប់ពីខែតុលា ដល់ចុងខែវិច្ឆិកា ឆ្នាំ២០២១ ប្រមូលទំនាស់ និងសំណូមពរបានជាង ៧០០ករណី ក្នុងរយៈពេល១ខែ ដោះស្រាយបានចំនួនជាង៥៩០ករណី កំពុងដោះស្រាយចំនួន១១២ករណី និងមិនបានដោះចំនួន៩ករណី ហើយសម្រាប់សំណុំរឿងដែលនៅសល់ អាជ្ញាធរខេត្តនឹងបន្តដោះស្រាយចាប់ពីខែកុម្ភៈ ឬខែមិនា ឆ្នាំ២០២២ បន្ទាប់ពីធូរស្បើយបញ្ហាកូវីដ១៩ ឬធូរស្បើយពីការងារមួយចំនួនទៀត។
ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ការបង្កើតក្រុមការងារនេះឡើង ចង់ឲ្យអាជ្ញាធរ បានចុះទៅដល់មូលដ្ឋាន ដើម្បីផ្ដល់សេវាជូនប្រជាពលរដ្ឋ ហើយការអនុវត្តយន្តការនេះ បានជួយកាត់បន្ថយនូវពេលវេលា ឬថវិការបស់ពួកគាត់ផងដែរ។
ឯកឧត្តម ឡុង ឈុនឡៃ បានបន្ថែមថា ទិសដៅការងាររបស់ក្រុមប្រឹក្សាខេត្តបន្ត គឺរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោល់ រៀបចំផែនការចុះគាំទ្រនៅមូលដ្ឋាន ដើម្បីប្រមូលតម្រូវការជាក់ស្តែងរបស់ពលរដ្ឋ, ជំរុញ និងគាំទ្រការអនុវត្តក្របខណ្ឌការងារគណនេយ្យភាពសង្គម និងយន្តការច្រកចេញចូលតែមួយ ដើម្បីបង្ខិតសេវាសាធារណៈឱ្យកៀកនឹងពលរដ្ឋនៅមូលដ្ឋានប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព បន្តពង្រឹងគោលនយោបាយរៀបចំផែនការអភិវឌ្ឍន៍ និងការកសាងកម្មវិធីវិនិយោគខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ និងផែនការមួយចំនួនទៀត៕ អត្ថបទ៖ បាន សុខរិទ្ធិ
