ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានថ្លែងថា «អាកាសយានដ្ឋានអន្តរជាតិតេជោ» ដែលបានបើកឲ្យដំណើរការចាប់ពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥នេះតទៅ គឺជាសក្ខីភាព នៃការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសវិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងដឹកជញ្ជូនជាដើម។
តាមរយៈបណ្តាញសង្គមហ្វេសបុក នាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ ២០២៥នេះ ឯកឧត្តមឧបនាយក រដ្ឋមន្រ្តី ហ៊ុន ម៉ានី បានលើកឡើងថា សូមអបអរសាទរសមិទ្ធផលថ្មីរបស់ព្រះរាជាណាចក្រកម្ពុជា នោះគឺ «អាកាសយានដ្ឋានអន្តរជាតិតេជោ»។ ថ្ងៃនេះព្រះរាជាណាចក្រកម្ពុជាបានធ្វើដំណើរមកដល់ចំណុចមួយទៀត នៃប្រវត្តិសាស្រ្តអាកាសចរណ៍ស៊ីវិលរបស់ខ្លួន ដោយបើកឱ្យដំណើរការជាផ្លូវការនូវអាកាសយានដ្ឋានខ្នាតយក្ស ប្រភេទ4F ដែលបង្ហាញពីការអភិវឌ្ឍ និងសមត្ថភាពរបស់កម្ពុជាក្នុងការទទួលជើងហោះហើរដែលកាន់តែមមាញឹកឡើង។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា«ការពង្រីកអាកាសយានដ្ឋាន គឺជាសក្ខីភាព នៃការរីកចម្រើនលើគ្រប់វិស័យជាពិសេសវិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងដឹកជញ្ជូន។ ដោយមានចក្ខុវិស័យដឹកនាំច្បាស់លាស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បោះជំហានឆ្ពោះទៅមុខក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ដើម្បីសម្រេចបានគោលដៅក្លាយជាប្រទេសអភិវឌ្ឍន៍»។
តាមរយៈសំណេរអបអរសាទរអាកាសយានដ្ឋានអន្តរជាតិនេះ ឯកឧត្តម ហ៊ុន ម៉ានី ក៏បាន រំ លេចផងដែរថា អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានកសាងឡើងក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ដែលការដ្ឋានសាងសង់បានចាប់ផ្តើមនៅឆ្នាំ២០២០ ដោយស្នាដៃស្ថាបត្យករ វិស្វករ និងអ្នកសាងសង់ជាកូនខ្មែរ។ នេះជាការបង្ហាញឱ្យឃើញនូវសមត្ថភាពរបស់កូនខ្មែរក្នុងការកសាងសមិទ្ធផលជាប្រវត្តិសាស្រ្តនៅគ្រប់សម័យកាល។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បានបន្ថែមទៀតថា ជាមួយនឹងអាកាសយានដ្ឋានដ៏ថ្មី និងប្រណីតនេះ កម្ពុជាកំពុងឈរលើទីតាំងដ៏អំណោយផលមួយក្នុងការទាក់ទាញវិនិយោគិន និងភ្ញៀវទេសចរពីគ្រប់ទិសទីផងដែរ៕ អត្ថបទ៖ បាន ចក់



