ពាណិជ្ជកម្មបរទេសសរុបរបស់ប្រទេសចិនបានហក់ឡើងដល់ ២៩,៥៧ សែនកោដិយ័ន ឬស្មើ ៤,១២សែនកោដិដុល្លារអាមេរិក ក្នុងរយៈពេលប្រាំបីខែដំបូងនៃឆ្នាំនេះ កើនឡើង ៣,៥%ធៀបទៅនឹងឆ្នាំមុននេះបើយោងតាមទិន្នន័យចេញផ្សាយដោយភ្នាក់ងារគយរបស់ចិនកាលពីថ្ងៃចន្ទសប្ដាហ៍នេះ។
ក្នុងអំឡុងពេលនោះ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍នៅតែជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ប្រទេសចិន ជាមួយនឹងពាណិជ្ជកម្មទ្វេភាគីមានតម្លៃ៤,៩៣ សែនកោដិយ័នកើនឡើង ៩,៧% ធៀបទៅនឹងឆ្នាំមុន ស្មើនឹង ១៦,៧ %នៃពាណិជ្ជកម្មបរទេសសរុបរបស់ប្រទេសចិន។ សហភាពអឺរ៉ុបគឺជាដៃគូធំបំផុតទីពីរដែលមានទំហំពាណិជ្ជកម្មតម្លៃ ៣,៨៨ សែនកោដិយ័ន កើនឡើង ៤,៣% ធៀបទៅនឹងឆ្នាំមុន។ សហរដ្ឋអាមេរិកជាប្រទេសធំទីបី ដែលមានទំហំពាណិជ្ជកម្មទ្វេភាគីតម្លៃ២,៧៣ សែនកោដិយ័ន ធ្លាក់ចុះ ១៣,៥ % ធៀបទៅនឹងឆ្នាំមុន។
ក្នុងរយៈពេលដូចគ្នា ការនាំចូល និងការនាំចេញទៅកាន់ប្រទេសដៃគូខ្សែក្រវ៉ាត់ និងផ្លូវ មានចំនួន ១៥,៣ សែនកោដិយ័ន កើនឡើង ៥,៤ % ដែលស្មើនឹងជាងពាក់កណ្តាលនៃពាណិជ្ជកម្មបរទេសរបស់ប្រទេសចិន។
ចំពោះប្រភេទការនាំចេញ ឧស្សាហកម្មបច្ចេកវិទ្យាជាន់ខ្ពស់មានការរីកចម្រើនគួរឱ្យកត់សម្គាល់។ ក្នុងរយៈពេលប្រាំបីខែដំបូង ការនាំចេញផលិតផលគ្រឿងម៉ាស៊ីន និងអគ្គិសនី មានចំនួន ១០,៦ សែនកោដិយ័ន កើនឡើង៩,២% ធៀបទៅនឹងឆ្នាំមុន ស្មើនឹង ៦០,២ %នៃការនាំចេញសរុបរបស់ប្រទេសចិន៕