ខ្មាន់កាំភ្លើងជនជាតិប៉ាឡេស្ទីន ២នាក់ បានបើកការបាញ់ប្រហារនៅចំណតរថយន្តក្រុងមួយកន្លែងនៅជាយក្រុងហ្សេរុយសាឡិម កាលពីថ្ងៃចន្ទ (៨ កញ្ញា) ដោយបានសម្លាប់មនុស្ស ៦នាក់ ក្នុងអ្វីដែលនគរបាលអ៊ីស្រាអែលពណ៌នាថាជា "ការវាយប្រហារភេរវកម្ម" ដែលជាឧប្បត្តិហេតុដ៏អាក្រក់បំផុតមួយនៅទីក្រុងនេះក្នុងប៉ុន្មានឆ្នាំចុងក្រោយមកនេះ ហើយលោកនាយករដ្ឋមន្រ្តីអ៊ីស្រាអែល Benjamin Netanyahu ប្ដេជ្ញាតាមប្រម៉ាញ់មនុស្សទាំងអស់ដែលជួយជនដៃដល់។
នគរបាលអ៊ីស្រាអែល និយាយថា ខ្មាន់កាំភ្លើងជាជនជាតិប៉ាឡេស្ទីនមកពីតំបន់កាន់កាប់ West Bank ហើយត្រូវបាញ់សម្លាប់នៅកន្លែងកើតហេតុ ដោយទាហាន និងជនស៊ីវិលប្រដាប់អាវុធម្នាក់។ សេវាសង្គ្រោះបន្ទាន់បានកំណត់អត្តសញ្ញាណជនរងគ្រោះដំបូង ៥នាក់ ហើយអ្នកស្លាប់ទី៦ គឺជាស្ត្រីម្នាក់ ដែលដំបូងឡើយត្រូវបញ្ជូនទៅមន្ទីរពេទ្យ ប៉ុន្តែក្រោយមកត្រូវគេប្រកាសថាបានស្លាប់នៅទីនោះ។
លោក Netanyahu បានចុះទៅពិនិត្យកន្លែងកើតហេតុ ជាទីដែលរថយន្តក្រុងអាចមើលឃើញថាពោរពេញដោយរន្ធគ្រាប់កាំភ្លើងចូលតាមញ្ចក់ខាងមុខ។ លោកបាននិយាយថា កងកម្លាំងអ៊ីស្រាអែលកំពុងតាមប្រម៉ាញ់ជនសង្ស័យទាំងអស់ដែលបានជួយខ្មាន់កាំភ្លើងនោះ។
នគរបាលនិយាយថា កាំភ្លើង គ្រាប់រំសេវ និងកាំបិតជាច្រើនដើមដែលប្រើដោយជនវាយប្រហារ ត្រូវបានរកឃើញនៅទីតាំងកើតហេតុ ហើយជនសង្ស័យម្នាក់មកពីក្រុងហ្សេរុយសាឡិមខាងកើត ដែលត្រូវចោទថាជាប់ពាក់ព័ន្ធក្នុងការបាញ់ប្រហារនោះ ត្រូវចាប់ខ្លួន និងកំពុងត្រូវបានស៊ើបអង្កេត។
យោធាអ៊ីស្រាអែលនិយាយថា ខ្លួនបានដាក់ពង្រាយទាហានទៅតំបន់ជុំវិញកន្លែងកើតហេតុ ដោយកំពុងជួយនគរបាលស្វែងរកជនសង្ស័យ ហើយទាហានក៏កំពុងប្រតិបត្តិការនៅក្រុង Ramallah ក្នុងតំបន់ West Bank ដើម្បីធ្វើការសួរចម្លើយ និង «រារាំងអំពើភេរវកម្ម»៕