នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥នេះ អាកាសយានដ្ឋានអន្តរជាតិតេជោ សមិទ្ធផលប្រវត្ដិសាស្ដ្រកម្ពុជា ស្ថិតក្នុងខេត្ដកណ្ដាល និងមួយផ្នែកស្ថិតក្នុងខេត្ដតាកែវ មានតម្លៃប្រមាណ ១៥០០លានដុល្លារអាមេរិក ដែលជាច្រកទ្វារថ្មីភ្ជាប់កម្ពុជាទៅកាន់ពិភពលោក បានចាប់ផ្តើមដំណើរការទទួលជើងហោះហើរហើយ។
ជើងហោះហើរដំបូងគេ ដែលចូលចតក្នុងអាកាសយានដ្ឋានថ្មីនេះ គឺក្រុមហ៊ុនអាកាសចរណ៍ជាតិ Air Cambodia (K6 611) ដឹកភ្ញៀវទេសចរមកពីប្រទេសចិន ត្រូវបានទទួលស្វាគមន៍ ដោយឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងរដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ហួត ហាក់ ដែលមានការបាញ់ទឹកទទួលស្វាគមន៍យន្តហោះ ការលេងឆៃយាំ បំពាក់កម្រងផ្កា និងចែកវត្ថុអនុស្សាវរីយ៍ដល់អ្នកដំណើរផងដែរ។
អាកាសយានដ្ឋានអន្តរជាតិថ្មីនេះ មានទីតាំងស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ អាកាសយានដ្ឋាននេះ សាងសង់លើផ្ទៃដីសរុប ២,៦០០ ហិកតា ជាអាកាសយានដ្ឋានប្រភេទ 4F ដែលអាចនឹងស្រូបយក និងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីបអាចឲ្យប្រភេទយន្តហោះធុនយក្សចុះចតបាន។
សូមបញ្ជាក់ថា អាកាសយានដ្ឋាននេះ ក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក គឺជាក្រុមហ៊ុនចម្រុះបង្កើតឡើងរួមគ្នាដោយ ក្រុមហ៊ុន OCIC និងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជាក្នុងឆ្នាំ២០១៨ ក្រោមការណែនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភាកម្ពុជា ដើម្បីធ្វើការងារសាងសង់ព្រលានថ្មីមួយនេះ។ តាមការគ្រោងទុក ព្រលាននេះ នឹងសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា៕