រដ្ឋមន្រ្តីរដ្ឋាភិបាលនេប៉ាល់ បាននិយាយនៅថ្ងៃអង្គារ (៩ កញ្ញា) នេះថា ប្រទេសនេប៉ាល់ បានសម្រេចចិត្តលុបចោលបម្រាមប្រព័ន្ធផ្សព្វផ្សាយសង្គម បន្ទាប់ពីការតវ៉ាដ៏ហិង្សា និងការប៉ះទង្គិចដ៏តានតឹង ដែលបណ្តាលឱ្យមនុស្ស ១៩នាក់ស្លាប់។
លោក Prithvi Subba Gurung អ្នកនាំពាក្យគណៈរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនង និងបច្ចេកវិទ្យាព័ត៌មាននេប៉ាល់ បាននិយាយថា រដ្ឋាភិបាលសម្រេចលុបចោលការហាមឃាត់ប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលបានដាក់កាលពីសប្តាហ៍មុន។
ការសម្រេចចិត្តនេះបានកើតឡើងបន្ទាប់ពីមនុស្ស ១៩នាក់បានស្លាប់ និងជាង ១០០នាក់ រងរបួស នៅក្នុងការតវ៉ាយុវជនសម័យថ្មី "Gen Z" កាលពីថ្ងៃចន្ទសប្ដាហ៍នេះ ប្រឆាំងនឹងអំពើពុករលួយ ដែលត្រូវបញ្ឆេះដំបូងដោយបម្រាមបណ្ដាញសង្គមនោះ។
នាយករដ្ឋមន្ត្រីនេប៉ាល់ លោក K.P. Sharma Oli សម្ដែងការសោកស្ដាយចំពោះឧប្បត្តិហេតុនៃអំពើហិង្សា ដែលលោកនិយាយថា ដោយសារតែ "ការជ្រៀតចូលពីមជ្ឈដ្ឋានអាត្មានិយមផ្សេងៗ"។ ក្នុងសេចក្តីថ្លែងការណ៍នៅយប់ថ្ងៃចន្ទ លោក Oli បាននិយាយថា "ក្រុមស៊ើបអង្កេតមួយនឹងត្រូវបង្កើតឡើងដើម្បីស្វែងរកមូលហេតុ វាយតម្លៃការខាតបង់ និងស្នើវិធានការក្នុងរយៈពេល ១៥ថ្ងៃ ដើម្បីធានាថា ឧប្បត្តិហេតុបែបនេះមិនកើតឡើងម្តងទៀតនាពេលអនាគត"។
គួររម្លឹកថា រដ្ឋាភិបាលនេប៉ាល់ កាលពីសប្តាហ៍មុន បានសម្រេចចិត្តបិទការចូលប្រើប្រាស់លើប្រព័ន្ធផ្សព្វផ្សាយសង្គមជាច្រើន រួមទាំងបណ្ដាញសង្គមហ្វេសប៊ុកដ៏ល្បីល្បាញ ដែលការសម្រេចចិត្តនេះបានជំរុញឱ្យមានកំហឹងយ៉ាងខ្លាំងក្នុងចំណោមយុវជន៕