អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Esmaeil Baghaei បាននិយាយកាលពីថ្ងៃចន្ទសប្ដាហ៍នេះថា កិច្ចពិភាក្សាចុងក្រោយជាមួយទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) ស្តីពីកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសអ៊ីរ៉ង់បានឆ្លុះបញ្ចាំងពីនិន្នាការវិជ្ជមាន ។
នៅក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍នៅទីក្រុង តេអេរ៉ង់ លោក Baghaei បាននិយាយថា ភាគីទាំងពីរពុំទាន់ឈានដល់ការសន្និដ្ឋានស្តីពីការបន្តកិច្ចសហប្រតិបត្តិការក្នុងអំឡុងកិច្ចចរចាចុងក្រោយបង្អស់នៅទីក្រុងវីយែន កាលពីថ្ងៃសុក្រ និងថ្ងៃសៅរ៍ នៅឡើយទេ ដោយសង្កត់ធ្ងន់ថា គណៈប្រតិភូអ៊ីរ៉ង់បានបង្ហាញពីការព្រួយបារម្ភរបស់ខ្លួនទៅកាន់ក្រុមអ្នកឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិចំពោះសុវត្ថិភាព និងសន្តិសុខនៃទីតាំងនុយក្លេអ៊ែររបស់ប្រទេសនេះ។
អ៊ីរ៉ង់ បានផ្អាកកិច្ចសហប្រតិបត្តិការជាមួយ IAEA បន្ទាប់ពីអ៊ីស្រាអែល និងសហរដ្ឋអាមេរិក វាយប្រហារលើទីតាំងនុយក្លេអ៊ែររបស់ខ្លួន និងការធ្វើឃាតអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែររបស់ខ្លួនកាលពីខែមិថុនា។ ទីក្រុងតេអេរ៉ង់បាននិយាយថា រាល់ការត្រួតពិនិត្យរបស់ IAEA ត្រូវតែត្រូវបានអនុម័តដោយក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់របស់ខ្លួន ហើយការផ្អាកនេះនឹងនៅតែមាន លុះត្រាតែសុវត្ថិភាពនៃទីតាំងរបស់ខ្លួន និងអ្នកវិទ្យាសាស្ត្រត្រូវបានធានា។
លោក Baghaei បាននិយាយថា គ្មានកាលបរិច្ឆេទណាមួយត្រូវបានកំណត់សម្រាប់ការចរចាបន្ទាប់នោះទេ ដោយកត់សម្គាល់ថា អាជ្ញាធរអ៊ីរ៉ង់ កំពុងពិនិត្យមើលលទ្ធផលនៃកិច្ចពិភាក្សាកាលពីកន្លងទៅ ដើម្បីសម្រេចចិត្តលើជំហានបន្ទាប់៕