ក្រុមអ្នកជំនាញក្នុងប្រទេសថៃបាននិយាយថា នាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសនេះ ប្រឈមនឹងបញ្ហាដ៏គួរឲ្យបារម្ភក្នុងការយកឈ្នះលើអស្ថិរភាពនយោបាយ និងភាពចលាចលសេដ្ឋកិច្ច ខណៈកំពុងធ្វើការដើម្បីបង្រួបបង្រួមរដ្ឋាភិបាលដែលបែកបាក់។
អគ្គលេខាធិការសភាតំណាងរាស្រ្ត លោកអាផាត់ ស៊ូខានុន(Arpath Sukhanunth) បានប្រកាសថា ព្រះមហាក្សត្រថៃ Maha Vajiralongkorn បានអនុម័តតែងតាំងលោក Anutin Charnvirakul ជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសនេះកាលពីថ្ងៃអាទិត្យ។
នៅក្នុងពិធីមួយដែលធ្វើឡើងនៅទីស្នាក់ការគណបក្ស Bhumjaithai លោក Arpath បានអានព្រះរាជក្រឹត្យតែងតាំងលោក Anutin ជានាយករដ្ឋមន្ត្រី ខណៈលោកទទួលបានការគាំទ្រនៅក្នុងការបោះឆ្នោតសភាកាលពីថ្ងៃសុក្រសប្ដាហ៍មុន។
ប្រទេសនេះ បានមើលឃើញរដ្ឋាភិបាលចំនួនបីក្នុងរយៈពេលត្រឹមតែពីរឆ្នាំប៉ុណ្ណោះ ដែលធ្វើឲ្យមនុស្សជាច្រើននឿយហត់នឹងការផ្លាស់ប្តូរនយោបាយឥតឈប់ឈរ។ ការគ្រប់គ្រងរបស់លោក Anutin មានរយៈពេលខ្លីតាមការកំណត់ ជាមួយនឹងការបោះឆ្នោតមុនអាណត្តិដែលបានសន្យារួចជាស្រេចសម្រាប់ឆ្នាំក្រោយ ដោយសារគ្មានគណបក្សណាមួយកាន់កាប់សំឡេងភាគច្រើននាពេលបច្ចុប្បន្ន។
លោក Virot Ali អ្នកវិភាគនយោបាយនៃសកលវិទ្យាល័យ Thammasat របស់ថៃ បានលើកឡើងថា វាចម្លែកណាស់ចំពោះអ្វីដែលយើងហៅថារដ្ឋាភិបាលសំឡេងភាគតិច យើងមិនដែលមើលឃើញបែបទេជាច្រើនឆ្នាំមកហើយ ប៉ុន្តែយើងត្រូវយល់ថា ក្នុងនយោបាយថៃ ការកសាងនយោបាយធម្មតា ប្រៀបដូចជាលេងល្បែង។ វាតែងតែមានរឿងផ្សេងទៀតនៅពីក្រោយ គាំទ្រអ្នកដែលកាន់អំណាចផងដែរ។
ក្រុមអ្នកជំនាញបាននិយាយថា សេដ្ឋកិច្ចថៃនៅតែបន្តជួបប្រទះនឹងកម្រិតខ្ពស់នៃបំណុលគ្រួសារ ការបារម្ភរបស់ក្រុមអ្នកវិនិយោគ និងកំណើនយឺត។ ជាងនេះទៅទៀត វិស័យទេសចរណ៍ ដែលជាសសរស្តម្ភដ៏សំខាន់នៃសេដ្ឋកិច្ច កំពុងជួបការលំបាកក្នុងការស្តារនូវភាពរឹងមាំឡើងវិញ៕