រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល បានប្រាប់ក្រុមហាម៉ាសកាលពីថ្ងៃចន្ទ ទី៨ ខែកញ្ញា ឱ្យទម្លាក់អាវុធចុះ បើមិនដូច្នេះទេប្រឈមនឹងការកម្ទេចចោល បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា ក្រុមសកម្មប្រយុទ្ធត្រូវតែទទួលយកកិច្ចព្រមព្រៀងដើម្បីដោះលែងចំណាប់ខ្មាំងនៅក្នុងតំបន់ហ្កាហ្សា។
យោងតាមអង្គភាពសេវាសង្គ្រោះបន្ទាន់របស់អ៊ីស្រាអែលបានឲ្យដឹងថា នៅទីក្រុងហ្សេរុយសាឡឹមខាងកើតដែលភ្ជាប់ឧបសម្ព័ន្ធដោយអ៊ីស្រាអែល ខ្មាន់កាំភ្លើងបានបើកការបាញ់ប្រហារនៅចំណតរថយន្តក្រុងមួយកន្លែង និងបានសម្លាប់មនុស្សប្រាំនាក់នៅក្នុងឧបទ្ទវហេតុដ៏បង្ហូរឈាមបំផុតមួយចាប់តាំងពីសង្គ្រាមនៅតំបន់ហ្កាហ្សាចាប់ផ្តើម។ នៅក្នុងទីក្រុងហ្កាហ្សា ទីភ្នាក់ងារការពារជនស៊ីវិលបាននិយាយថា ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់មនុស្ស១០នាក់កាលពីពេលយប់ បន្ទាប់ពីយ៉ាងហោចណាស់មនុស្ស៤៨នាក់ផ្សេងទៀតត្រូវបានសម្លាប់នៅទូទាំងដែនដីនេះកាលពីថ្ងៃអាទិត្យ។
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz បាននិយាយនៅលើបណ្តាញ X ថា «នេះគឺជាការព្រមានចុងក្រោយដល់ឃាតករក្រុមហាម៉ាស និងអ្នកបំពាននៅតំបន់ហ្កាហ្សា និងនៅក្នុងសណ្ឋាគារប្រណីតនៅបរទេស ត្រូវតែដោះលែងចំណាប់ខ្មាំងហើយដាក់អាវុធចុះ បើមិនដូច្នេះទេតំបន់ហ្កាហ្សានឹងត្រូវបានកម្ទេច ហើយអ្នកនឹងត្រូវវិនាស»។
អ៊ីស្រាអែលបានបង្កើនប្រតិបត្តិការ ដោយបំផ្លាញអគារខ្ពស់ៗក្នុងទីក្រុងហ្កហ្សា ដែលខ្លួនបានប្តេជ្ញាថានឹងដណ្តើមយក ទោះបីជាមានសម្ពាធពីអន្តរជាតិកើនឡើងដើម្បីឲ្យបញ្ឈប់សង្គ្រាមក៏ដោយ។