ប្រទេសអេស្បាញ បានប្រកាសវិធានការណ៍ប្រឆាំងអ៊ីស្រាអែល រួមមានទាំងការដាក់បម្រាសព្វាវុធ ដោយនាយករដ្ឋមន្ត្រី លោក Pedro Sanchez និយាយថា វិធានការនេះគឺសំដៅ «បញ្ឈប់អំពើប្រល័យពូជសាសន៍នៅតំបន់ហ្កាហ្សា» និងដើម្បី «គាំទ្រប្រជាជនប៉ាឡេស្ទីន»។
លោក Sanchez ដែលជាអ្នករិះគន់ខ្លាំងបំផុតនៃយុទ្ធនាការយោធារបស់អ៊ីស្រាអែលនៅទីក្រុងហ្កាហ្សា បាននិយាយនៅក្នុងសុន្ទរកថាបង្ហោះចេញពីគណនីបណ្តាញ X ផ្លូវការរបស់លោកថា «មានភាពខុសគ្នារវាងការការពារប្រទេសរបស់អ្នក និងការទម្លាក់គ្រាប់បែកលើមន្ទីរពេទ្យឬកុមារស្លូតត្រង់ដែលកំពុងស្រេកឃ្លាន»។
នេះជាការវាយប្រហារមិនសមហេតុផលលើជនស៊ីវិល។ មនុស្សជាង៦ម៉ឺននាក់បានស្លាប់ និងមានជនភៀសខ្លួនពីរលាននាក់ដែលពាក់កណ្តាលជាកុមារ។ នេះមិនមែនជាការការពារខ្លួនទេ វាគឺជាការសម្លាប់មនុស្សដែលគ្មានអ្វីការពារ»។
វិធានការអនុវត្តជាផ្លូវការបានចូលជាធរមានចាប់តាំងពីខែតុលា ឆ្នាំ២០២៣ រួមមានបម្រាមលើការទិញនិងលក់អាវុធ គ្រាប់រំសេវ និងឧបករណ៍យោធាទៅឲ្យប្រទេសអ៊ីស្រាអែល។
ប្រទេសអេស្បាញក៏នឹងហាមឃាត់នាវាដឹកប្រេងសម្រាប់កងទ័ពអ៊ីស្រាអែល មិនឲ្យចូលចតនៅកំពង់ផែរបស់ខ្លួន និងបដិសេធដំណើរការដែនអាកាសចំពោះយន្តហោះដឹកជញ្ជូនសម្ភារៈការពារ និងរារាំងបុគ្គលពាក់ព័ន្ធដោយផ្ទាល់នៅក្នុងអំពើប្រល័យពូជសាសន៍ រំលោភសិទ្ធិមនុស្សនិងឧក្រិដ្ឋកម្មសង្គ្រាមនៅក្នុងតំបន់ហ្កាហ្សា ជាការរឹតត្បិតដែលនឹងអនុវត្តចំពោះនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu និងសមាជិករដ្ឋាភិបាលរបស់លោក។