ប្រធានាធិបតីប្រទេសលីបង់ លោក ចូសេហ្វ អោន(Joseph Aoun) កាលពីថ្ងៃចន្ទ បានជំរុញឱ្យបណ្តាប្រទេសអារ៉ាប់ ប្រកាន់ជំហររួបរួមមួយ ក្នុងការឆ្លើយតបទៅនឹងការវាយប្រហារកាន់តែខ្លាំងឡើងរបស់អ៊ីស្រាអែលទៅលើប្រទេសលីបង់។
ថ្លែងនៅក្នុងកិច្ចប្រជុំជាមួយគណៈប្រតិភូមកពីសភាអារ៉ាប់ ដែលរួមមានតំណាងមកពីប្រទេសហ្ស៊កដានី បារ៉ែន អេហ្ស៊ីប និងប្រទេសអារ៉ាប៊ីសាអូឌីត លោក Aoun បាននិយាយថា «រដ្ឋអារ៉ាប់ ត្រូវតែជាស្ថាប័នតែមួយ» លើបញ្ហាក្នុងតំបន់ នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយការរិយាល័យប្រធានាធិបតីលីបង់។
លោកបានចោទប្រកាន់អ៊ីស្រាអែលថា បានរំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់កាលពីខែវិច្ឆិកា ដោយនិយាយថា ការវាយប្រហារដដែលៗរបស់អ៊ីស្រាអែលបានដាក់គោលដៅទៅលើ «ភូមិ ទីប្រជុំជនក្នុងប្រទេសលីបង់»។
ប្រធានសភាអារ៉ាប់ និងជាប្រធានគណៈប្រតិភូ លោក Mohammed Ahmed Al-Yamahi បានសម្តែងការគាំទ្រយ៉ាងពេញទំហឹងរបស់ស្ថាប័ននេះសម្រាប់សន្តិសុខ ឯកភាព និងអធិបតេយ្យភាពរបស់ប្រទេសលីបង់ ដោយបានបញ្ជាក់ពីការបដិសេធរបស់ស្ថាប័នចំពោះការជ្រៀតជ្រែកពីបរទេសក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសលីបង់ និងបានអះអាងថា សន្តិសុខរបស់ប្រទេសលីបង់គឺជាផ្នែកសំខាន់មួយនៃសន្តិសុខរួមរបស់អារ៉ាប់។