ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍នៅថ្ងៃអង្គារ (៩ កញ្ញា) នេះថា ប្រទេសកូរ៉េខាងជើង បានប្រារព្ធខួបលើកទី៧៧ នៃការបង្កើតប្រទេសរបស់ខ្លួន ជាមួយនឹងទស្សនីយភាពកម្រនៃពិធីរាំរែកដ៏ធំសម្បើម និងការបាញ់កាំជ្រួចភ្ញីយ៉ាងកុះករ។

នៅក្នុងវីដេអូមួយ ដែលផ្តល់ដោយទីភ្នាក់ងារព័ត៌មានផ្លូវការរបស់កូរ៉េខាងជើង KCNA បានបង្ហាញឱ្យឃើញពីទិដ្ឋភាពដ៏អ៊ូអរនៃហ្វូងសិស្សរាប់ពាន់នាក់ក្នុងឈុតសម្លៀកបំពាក់ប្រពៃណីកូរ៉េ ប្រមូលផ្ដុំគ្នារាំរែកនៅទីលានចតុរង្គ គីម អ៊ីលស៊ុង ហើយអ្នកស្រុកត្រូវបានគេមើលឃើញថាកំពុងចូលរួមគោរពក្នុងពិធីបង្ហូតទង់ជាតិ និងការបាញ់កាំជ្រួចភ្ញីនៅទីក្រុងព្យុងយ៉ាង កាលពីថ្ងៃចន្ទ។
គួររម្លឹកថា បន្ទាប់ពីព្រឹត្តិការណ៍រំដោះឧបទ្វីបកូរ៉េក្រោយសង្គ្រាមលោកលើកទី២ របបកុម្មុយនិស្តមួយត្រូវបានបង្កើតឡើងនៅភាគខាងជើង។ ក្រោយមក សភាប្រជាជនកំពូលថ្មីត្រូវបានបោះឆ្នោតជ្រើសតាំងនៅខែសីហា ឆ្នាំ១៩៤៨ ហើយនៅថ្ងៃទី៣ ខែកញ្ញា រដ្ឋធម្មនុញ្ញថ្មីមួយត្រូវបានប្រកាសឱ្យប្រើប្រាស់។ កូរ៉េខាងជើង ដែលមានឈ្មោះពេញផ្លូវការថា សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ក៏ត្រូវបានប្រកាសបង្កើតខ្លួនជាផ្លូវការនៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ១៩៤៨ ដោយមានលោក គីម អ៊ីលស៊ុង — ជីតារបស់មេដឹកនាំបច្ចុប្បន្ន លោក គីម ជុងអ៊ុន — ធ្វើជាប្រមុខដឹកនាំ៕

