គណបក្សកាន់អំណាចរបស់ប្រទេសជប៉ុន គ្រោងនឹងសម្រេចពីពេលវេលា និងរបៀបនៃការប្រកួតប្រជែងតំណែងថ្នាក់ដឹកនាំ ដែលនឹងត្រូវបានធ្វើឡើងនាពេលខាងមុខ បន្ទាប់ពីការប្រកាសលាលែងពីតំណែងរបស់នាយករដ្ឋមន្ត្រី លោក Shigeru Ishiba នាំឲ្យមានការបោះឆ្នោតជ្រើសរើសអ្នកស្នងតំណែងពីលោក។
បើយោងតាមសេចក្ដីរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ក្នុងនោះមានរួមទាំងទូរទស្សន៍ NHK និង TBS ផងដែរ បានឲ្យដឹងថា គណបក្សប្រជាធិបតេយ្យសេរីនិយម (LDP) កំពុងពិចារណារៀបចំការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំទ្រង់ទ្រាយធំ ដោយមានការចូលរួមពីសមាជិកគណបក្សគ្រប់លំដាប់ថ្នាក់ជាង ១០០.០០០នាក់ មកពីទូទាំងប្រទេស នៅថ្ងៃទី៤ ខែតុលាខាងមុខនេះ។

ទូរទស្សន៍ NHK បានរាយការណ៍ថា មន្ត្រីគណបក្ស LDP មើលឃើញពីតម្រូវការ ក្នុងការបានឮសំឡេងពីសមាជិកទាំងអស់ ដោយសារត្រូវស្ដារជោគវាសនារបស់គណបក្សឡើងវិញ។ ការបោះឆ្នោតទ្រង់ទ្រាយធំនេះ អាចផ្តល់អត្ថប្រយោជន៍ដល់បេក្ខជននាំមុខគេ ដែលទទួលបានការគាំទ្រក្នុងចំណោមសមាជិករបស់គណបក្ស LDP ទូទាំងប្រទេស មិនត្រឹមតែក្នុងចំណោមសមាជិកសភា នៅទីក្រុងតូក្យូប៉ុណ្ណោះទេ។
បើយោងតាមការស្ទង់មតិពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនាពេលថ្មីៗនេះ បានបង្ហាញថា រដ្ឋមន្ត្រីក្រសួងកសិកម្មដែលគាំទ្រកំណែទម្រង់ លោក Shinjiro Koizumi មានប្រជាប្រិយភាពខ្ពស់ ក្នុងចំណោមអ្នកគាំទ្រគណបក្ស LDP ជាងគូប្រជែងរបស់លោក គឺអតីតរដ្ឋមន្ត្រីកិច្ចការផ្ទៃក្នុង លោកស្រី Sanae Takaichi។ តែលោកស្រី Takaichi មានការគាំទ្រយ៉ាងខ្លាំងពីសមាជិកសភា និងមន្ត្រីជាន់ខ្ពស់មួយចំនួន ក្នុងរង្វង់គណបក្ស៕

