ក្រុមគ្រូពេទ្យនៅប្រទេសស្វ៊ីស បានចាប់ផ្តើមការតវ៉ាបង្អត់អាហារខ្លួនឯង នៅខាងក្រៅសភាកាលពីថ្ងៃចន្ទ (៨ កញ្ញា) ជុំវិញសង្គ្រាមដ៏បង្ហូរឈាមនៅតំបន់ហ្កាហ្សា ដោយជំរុញឱ្យទីក្រុងប៊ែន ប្រកាន់ជំហររិះគន់កាន់តែខ្លាំងលើការប្រព្រឹត្តិរបស់អ៊ីស្រាអែល លើជនជាតិប៉ាឡេស្ទីនក្នុងដែនដីហ៊ុមព័ទ្ធនោះ។
ប្រទេសអព្យាក្រឹតស្វីស ដែលមានទំនាក់ទំនងល្អជាមួយអ៊ីស្រាអែល បានថ្កោលទោសសកម្មភាពអ៊ីស្រាអែលមួយចំនួននៅក្នុងជម្លោះនេះ ដូចជាការវាយប្រហារលើមន្ទីរពេទ្យមួយកាលពីខែមុន ប៉ុន្តែមិនបានធ្វើជំហានខ្លាំងក្លាដូចអ្វីដែលក្រុមបាតុករចង់បាននោះទេ មានដូចជាការដាក់ទណ្ឌកម្មធ្ងន់ធ្ងរលើអ៊ីស្រាអែល ឬការទទួលស្គាល់រដ្ឋប៉ាឡេស្ទីនជាដើម។

ក្រុមគ្រូពេទ្យជាច្រើនបានចុះឈ្មោះដើម្បីតវ៉ានៅខាងក្រៅសភា ដោយការស្លៀកពាក់ឧបករណ៍ពិនិត្យ ស្តេតូស្កុប (Stethoscopes) និងអាវពេទ្យដែលប្រឡាក់ដោយឈាមក្លែងក្លាយ ដោយប្តូរវេនគ្នាក្នុងការបង្អត់អាហារ ២៤ម៉ោង ខណៈសភាធ្វើសម័យប្រជុំប្រចាំខែកញ្ញា។
ការតវ៉ានេះធ្វើឡើងបន្ទាប់ពីមានសកម្មភាពបាតុកម្មតវ៉ានៅតាមសាកលវិទ្យាល័យស្វ៊ីស និងបាតុកម្មផ្សេងទៀតនៅចុងសប្តាហ៍ ខណៈគ្រោះទុរ្ភិក្សវាយប្រហារផ្នែកខ្លះនៃតំបន់ហ្កាហ្សា។ ទាក់ទងនឹងស្ថានការណ៍ប៉ាឡេស្ទីន អ្នកនាំពាក្យក្រសួងការបរទេសស្វីសបាននិយាយថា ស្វីស "ព្រួយបារម្ភយ៉ាងខ្លាំង" ចំពោះស្ថានភាពមនុស្សធម៌នៅតំបន់ហ្កាហ្សា និងអំពាវនាវម្តងហើយម្តងទៀតឱ្យមានបទឈប់បាញ់ និងការគោរពច្បាប់មនុស្សធម៌អន្តរជាតិ៕

