មន្ត្រីជាន់ខ្ពស់ម្នាក់ពីការិយាល័យប្រធានាធិបតី បាននិយាយនៅថ្ងៃអង្គារ (ទី៩ ខែកញ្ញា) នេះថា ការចរចារបស់ប្រទេសកូរ៉េខាងត្បូង ដើម្បីបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក កំពុងត្រូវបានពន្យារពេល ដោយសារបញ្ហាប្តូរប្រាក់បរទេស ហើយទីក្រុងសេអ៊ូលបានស្នើឲ្យទីក្រុងវ៉ាស៊ីនតោនជួយស្វែងរកមធ្យោបាយ ដើម្បីទប់ស្កាត់ផលប៉ះពាល់ណាមួយលើទីផ្សារ ពីកញ្ចប់វិនិយោគចំនួន ៣៥០ពាន់លានដុល្លារ។
ការពន្យារពេល ក្នុងការឈានដល់កម្មកិច្ចព្រមព្រៀងចុងក្រោយនេះ កើតមានឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីសប្តាហ៍មុន បានចុះហត្ថលេខាលើក្រឹត្យ ដើម្បីអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសជប៉ុនដែលរួមមានកញ្ចប់វិនិយោគចំនួន ៥៥០ពាន់លានដុល្លារ។

កូរ៉េខាងត្បូង មិនទាន់ឈានដល់កិច្ចព្រមព្រៀងជាលាយលក្ខណ៍អក្សរនៅឡើយទេ ជុំវិញកិច្ចព្រមព្រៀងរបស់ខ្លួន ដែលត្រូវបានធ្វើឡើងកាលពីខែកក្កដា និងរួមបញ្ចូលកញ្ចប់ថវិកាចំនួន ៣៥០ពាន់លានដុល្លារ។ លេខាធិការគោលនយោបាយការិយាល័យប្រធានាធិបតី លោក Kim Yong-beom បាននិយាយថា ប្រទេសជប៉ុន និងកូរ៉េខាងត្បូងស្ថិតក្នុងស្ថានភាពខុសគ្នា។
លោក Kim បានប្រាប់វេទិកាពិភាក្សាផ្សាយផ្ទាល់ថា៖ «បើទោះបីមិនមានភាពខុសគ្នាច្រើន នៅក្នុងអតិរេកពាណិជ្ជកម្ម ពោលគឺទំហំសេដ្ឋកិច្ចក៏ដោយ ក៏អ្វីដែលសំខាន់ជាងនេះទៅទៀតនោះ គឺថា លក្ខខណ្ឌទីផ្សារប្តូរប្រាក់មានភាពខុសគ្នាខ្លាំង»។
លោក Kim បានបញ្ជាក់ថា បញ្ហាសំខាន់បំផុតដែលចាំបាច់ត្រូវដោះស្រាយ ដើម្បីឲ្យកូរ៉េខាងត្បូងចុះហត្ថលេខា លើកិច្ចព្រមព្រៀងណាមួយ ពាក់ព័ន្ធនឹងកញ្ចប់វិនិយោគ គឺជាផលប៉ះពាល់ដែលវានឹងមានលើទីផ្សាររូបិយប័ណ្ណវ៉ុន-ដុល្លារ ក្នុងប្រទេស៕
