វ៉ូវីណាម៖ ការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២១ បានបញ្ចប់ការប្រកួត ២ថ្ងៃហើយដោយគិតត្រឹមថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ ក្លិបកីឡាវ៉ូវីណាមក្រសួងការពារជាតិបានហក់ឡើងឈរកំពូលតារាងមេដាយវិញ ស្របពេលក្លិបចំណូលថ្មីខេត្តកំពង់ស្ពឺបានបង្កការភ្ញាក់ផ្អើលក្រោយដណ្ដើមបានមេដាយ ៧គ្រឿងស្មើគ្នា។

ក្រោយចប់ការប្រកួតថ្ងៃទី២ ខេត្តស្វាយរៀងដែលឈរកំពូលតារាងកាលពីថ្ងៃដំបូងបានធ្លាក់ទៅឈរលេខ៤ ដោយរក្សាមេដាយ ៤គ្រឿង (មាស២ និងប្រាក់២)។ រីឯក្លិបក្រសួងការពារជាតិបានឡើងមកឈរកំពូលតារាងមេដាយវិញ ក្រោយដណ្ដើមបានមេដាយមាស ៥ និងសំរឹទ្ធ ២ តាមពីក្រោយដោយខេត្តសៀមរាបដណ្ដើមបានមេដាយ ៧គ្រឿងដូចគ្នារួមមានមេដាយមាស២ ប្រាក់៣ និងសំរឹទ្ធ២។ ចំពោះក្លិបកីឡាវ៉ូវីណាមខេត្តកំពង់ស្ពឺបានសាងភាពភ្ញាក់ផ្អើលក្នុងព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ ក្រោយធ្វើបានយ៉ាងល្អជាមួយការដណ្ដើមបានមេដាយសរុប ៧គ្រឿងដូចគ្នាឈរលេខ៣ រួមមានមេដាយមាស២ ប្រាក់២ និងសំរឹទ្ធ៣។ នេះជាលើកដំបូងហើយដែលកំពង់ស្ពឺបានបញ្ជូនកីឡាករ-កីឡាការិនីរបស់ខ្លួន ៥រូបចូលរួមបន្ទាប់ពីក្លិបបានកកើតកាលពីចុងឆ្នាំ២០២១ ក្រោមការគាំទ្ររបស់ប្រធានសហព័ន្ធ និងថ្នាក់ដឹកនាំខេត្ត ។
ក្រឡេកទៅកាន់ ៥ក្លិបផ្សេងទៀតក៏ដណ្ដើមបានមេដាយផងដែរ រួមមានក្រសួងមហាផ្ទៃឈរលេខ៥ ដណ្ដើមបានមេដាយ ៣គ្រឿង (មាស១ ប្រាក់១ និងសំរឹទ្ធ១)។ ក្លិបវ៉ូវីណាមតាឡីឈរលេខ៦ ដណ្ដើមបានមេដាយ ៤គ្រឿង (មាស១ និងសំរឹទ្ធ៣)។ ក្លិបវ៉ូវីណាមសែនសុខឈរលេខ៧ ដណ្ដើមបានមេដាយ ៦គ្រឿង (ប្រាក់៣ និងសំរឹទ្ធ៣)។ ខេត្តប៉ៃលិនឈរលេខ៨ ដណ្ដើមបានមេដាយ ៦គ្រឿងដូចគ្នា (ប្រាក់២ និងសំរឹទ្ធ៤) និងខេត្តត្បូងឃ្មុំដណ្ដើមបានមេដាយសំរឺទ្ធ ៣គ្រឿង។ ការប្រកួតជើងឯកថ្នាក់ជាតិបានចាប់ផ្ដើមកាលពីថ្ងៃទី២៤ ហើយគ្រោងបញ្ចប់ការប្រកួតនាល្ងាចថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ នេះ នៅទីលាននៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ព្រឹត្តិការណ៍ប្រចាំឆ្នាំនេះមានប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីចូលរួមសរុប ៨៦នាក់មកពី ៩សមាគម/ក្លិប និងក្រសួងដែលធ្វើការប្រកួតលើវិញ្ញាសាចំនួន ១៧វិញ្ញាសា។ ក្នុងដំណើរការប្រកួតនេះក៏មានការតាមដាន និងត្រួតពិនិត្យជាប់ជាប្រចាំពីសំណាក់ឯកឧត្តម អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាផងដែរ៕
អត្ថបទ៖ លី ឈុនឡា