អង្គការសហប្រជាជាតិ(UN) បានអំពាវនាវរកជំនួយសម្រាប់ជនរងគ្រោះដោយសារការរញ្ជួយដីដែលបានវាយប្រហារតំបន់ភាគអាគ្នេយ៍ប្រទេសអាហ្វហ្គានីស្ថានកាលពីសប្តាហ៍មុន ។
អ្នកស្រី Shannon O’Hara គឺជាប្រធានផ្នែកយុទ្ធសាស្រ្ត និងសម្របសម្រួលនៃការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌ UNនៅអាហ្វហ្គានីស្ថាន និយាយថា ស្ថានភាពជាក់ស្តែងនៅទីនោះ ពិតជាធ្ងន់ធ្ងរខ្លាំងណាស់ ។
អ្នកស្រីបន្តថា បើសិនជាពួកយើងមិនចាត់វិធានការនៅពេលឥឡូវទេនោះ សហគមន៍ទាំងនេះ មិនអាចរស់រានបានឡើយនៅរដូវរងាខាងមុខ ។

មន្ទីរស្រាវជ្រាវភូមិសាស្រ្តអាល្លឺម៉ង់(GFZ) និយាយថា ការរញ្ជួយដីកម្រិត ៦,២រ៉ិចទ័រ បានវាយប្រហារតំបន់ភាគអាគ្នេយ៍អាហ្វហ្គានីស្ថានកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ។
ពួកគេនិយាយថា ការរញ្ជួយដីនេះ ស្ថិតក្នុងជម្រៅដី ១០គ.ម ។ វាបានកើតឡើង ក្រោយការរញ្ជួយដីជាបន្តបន្ទាប់កាលពីដើមសប្តាហ៍មុន ដែលបានសម្លាប់មនុស្សជាង ២.២០០នាក់ និងមនុស្សជាង ៣.៦០០នាក់ រងរបួស នៅតំបន់ភាគខាងកើតអាហ្វហ្គានីស្ថាន ធ្វើឲ្យភូមិដ្ឋានប្រជាពលរដ្ឋរាបដល់ដី និងបណ្តាលឲ្យមនុស្សរាប់ម៉ឺននាក់ គ្មានផ្ទះសម្បែងរស់នៅ ។
ការរញ្ជួយដីដំបូងកម្រិត ៦រ៉ិចទ័រ ដែលស្ថិតក្នុងចំណោមការរញ្ជួយដីស្លាប់មនុស្សច្រើនបំផុតនៅអាហ្វហ្គានីស្ថាន នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បង្កឲ្យមានការខូចខាតសកល និងការបំផ្លិចបំផ្លាញនៅខេត្ត Kunar និងខេត្ត Nangarhar កាលពីថ្ងៃអាទិត្យ ទី ៣១ ខែសីហា ពេលដែលវាកើតមានក្នុងជម្រៅដីរាក់ ១០គ.ម ។
អ្នករស់រាន គ្មានផ្ទះសម្បែង ហើយក្រុមជំនួយព្រមានពីការអស់ធនធាន ក្នុងនោះ UN និងទីភ្នាក់ងារជំនួយផ្សេងទៀត លើកឡើងពីតម្រូវការចាំបាច់សម្រាប់ស្បៀងអាហារ ទីជម្រក និងគ្រឿងផ្គត់ផ្គង់វេជ្ជសាស្រ្ត ៕
