ភ្លៀងធ្លាក់ខ្លាំងអស់រយៈពេល ៣ថ្ងៃកន្លងមកនេះ បណ្តាលឲ្យទឹកទន្លេហូរប្រៀបច្រាំងនៅរដ្ឋ Gujarat ដោយនាំទឹកជំនន់មកកាន់រដ្ឋនៅភាគខាងលិចប្រទេសឥណ្ឌាមួយនេះ ។
ស្រុក Ahmedabad និងស្រុក Kheda ស្ថិតក្នុងចំណោមស្រុករងផលប៉ះពាល់ខ្លាំងជាងគេបំផុត ពេលដែលភ្លៀងធ្លាក់ឥតឈប់ឈរពេញមួយសប្តាហ៍កន្លងទៅ បណ្តាលទឹកឡើងនៅទន្លេ Sabarmati និងជន់លិចតំបន់ជុំវិញ ។
ប្រជាពលរដ្ឋនៅស្រុក Kheda ត្រូវបានគេមើលឃើញដើរលុកទឹកត្រឹមចង្កេះ ដើម្បីទៅរកទិញសម្ភារៈចាំបាច់ ហើយក្រុមជួយសង្រ្គោះ ជិះទូកពោងដើម្បីផ្តល់ជំនួយដល់អ្នកដែលជាប់ខ្លួនតាមតំបន់រងផលប៉ះពាល់ ។

រដូវវស្សាដ៏អាក្រក់ បានបង្កការបំផ្លិចបំផ្លាញធ្ងន់ធ្ងរក្នុងតំបន់នៅឆ្នាំនេះ ក្នុងនោះ មនុស្ស ៨៨០នាក់ បានស្លាប់នៅប្រទេសប៉ាគីស្ថាន អំឡុងរដូវវស្សាកន្លងមកនេះ ខណៈនៅប្រទេសឥណ្ឌា មនុស្សជិត ១៥០នាក់ បានបាត់បង់អាយុជីវិតរបស់ពួកគេ អំឡុងខែសីហាមួយប៉ុណ្ណោះ ។
ភ្លៀងធ្លាក់ខ្លាំងនេះដែរ បានធ្វើឲ្យទឹកឡើងនៅតាមទន្លេជាច្រើន បង្ខំឲ្យក្រុមអាជ្ញាធរនៅក្នុងប្រទេសឥណ្ឌា បញ្ចេញទឹកពីទំនប់ ធ្វើឲ្យជន់លិចន្ថែមទៀតដល់តំបន់នៅតាមព្រំដែនប្រទេសទាំង ២ ៕
