នៅថ្ងៃអង្គារនេះ សកម្មជនកូរ៉េខាងត្បូង នាំគ្នាដង្ហែរក្បួននៅមុខស្ថានទូតសហរដ្ឋអាមេរិក ស្ថិតនៅទីក្រុងសេអ៊ូល ដើម្បីថ្កោលទោសការវាយឆ្មក់អន្តោប្រវេសន៍ទ្រង់ទ្រាយធំកាលពីសប្តាហ៍មុនលើរោងចក្រផលិតអាគុយរថយន្តនៅរដ្ឋ Georgia សហរដ្ឋអាមេរិក ។
អំឡុងការវាយឆ្មក់អន្តោប្រវេសន៍សហរដ្ឋអាមេរិក ជនជាតិកូរ៉េខាងត្បូងប្រហែល ៣០០នាក់ ត្រូវបានចាប់ខ្លួនទៅជាមួយមនុស្ស ១៧៥នាក់ផ្សេងទៀត នៅទីតាំងគម្រោងតម្លៃ ៤,៣ពាន់លានដុល្លាររបស់ក្រុមហ៊ុន Hyundai Motor និងក្រុមហ៊ុន LG Energy Solution ដើម្បីផលិតអាគុយសម្រាប់រថយន្តអគ្គិសនី ។

សកម្មជនមកពីអង្គភាពផ្សេងៗ រួមទាំងក្រុមការងារចំណាកស្រុក និយាយថា ការឃាត់ខ្លួន និងការចាប់ខ្លួនកម្មករកូរ៉េខាងត្បូងដោយប្រើប្រាស់ខ្នោះដៃ និងច្រវាក់ បានបំពានស្តង់ដារសិទ្ធិមនុស្សអន្តរជាតិ ។
ការវាយឆ្មក់ដែលជាប្រតិបត្តិការអនុវត្តច្បាប់លើទីតាំងមួយកន្លែងធំបំផុតនៅក្នុងប្រវត្តិសាស្រ្តក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាមេរិកនេះដែរ បានធ្វើឲ្យមានអារម្មណ៍តក់ស្លុតយ៉ាងខ្លាំងនៅកូរ៉េខាងត្បូង គឺជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក កំពុងព្យាយាមបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មដែលបានយល់ព្រមជាមួយទីក្រុងវ៉ាស៊ីនតោន កាលពីខែកក្កដាកន្លងទៅ ៕
