ស៊ីហ្គេម៖ តំណាងក្រុមហ៊ុន WorldBridge Sport Village ដែលជាក្រុមហ៊ុនទទួលបានសិទ្ធសាងសង់ភូមិកីឡា ក្នុងបរិវេនពហុកីឡដ្ឋានជាតិមរតកតេជោបានធ្វើការអះអាងជាថ្មី ដោយសន្យានឹងពន្លឿនការសាងសង់ឲ្យរួចរាល់មុនការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដើម្បីស្វាគមន៍ប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីក្នុងតំបន់ដែលនឹងមកចូលរួមព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនៅកម្ពុជានេះ។

នេះបើតាមការបញ្ជាក់របស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ក្រោយបញ្ចប់កិច្ចប្រជុំប្រចាំសប្ដាហ៍ដែលដឹកនាំដោយឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍នៃគណៈកម្មាធិការជាតិ CAMSOC កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ ម្សិលមិញ។ ឯកឧត្តមអគ្គលេខាធិការបានមានប្រសាសន៍ថា ពាក់ព័ន្ធនឹងដំណើរការសាងសង់ភូមិកីឡានៅតែជាចំណុចក្ដៅ និងជាយុទ្ធសាស្ដ្ររបស់កម្ពុជាក្នុងដំណើរឆ្ពោះទៅស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ ព្រោះបើមានភូមិកីឡា កម្ពុជានឹងត្រូវកាត់បន្ថយការចំណាយច្រើន ហើយស្របតាមស្ដង់ដារថែមទៀត។ តាមរយៈនេះក្រុមហ៊ុនសាងសង់បានប្ដេជ្ញានឹងធ្វើឲ្យរួចទាន់ពេលវេលា ទោះបីគម្រោងប្រគល់សមិទ្ធផលនេះត្រូវបានពន្យាពេលដល់ដើមខែកុម្ភៈ ឆ្នាំ២០២៣ ក៏ដោយ។
គួរដឹងថា ភូមិកីឡាគឺជាផ្នែកមួយនៃបរិវេណពហុកីឡដ្ឋានជាតិមរតកតេជោ កំពុងដំណើរការសាងសង់យ៉ាងមមាញឹកលើផ្ទៃដីប្រមាណ ៨ហិចតាដែលសាងសង់ជាបន្ទប់ និងខុនដូសរុបជាង ១,៧០០បន្ទប់ បំពាក់ដោយគ្រឿងបរិក្ខាទំនើបៗនឹងត្រូវបញ្ចប់នាដើមឆ្នាំ២០២៣ ហើយភូមិកីឡានេះអាចបម្រើឲ្យការស្នាក់នៅរបស់ប្រតិភូ អត្តពលិក មន្ត្រីបច្ចេកទេសប្រមាណ ១ម៉ឺននាក់អំឡុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែឧសភា និងការប្រកួតអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ឆ្នាំ២០២៣ ខាងមុខ៕
អត្ថបទ៖ លី ឈុនឡា