ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy និយាយនៅថ្ងៃអង្គារនេះថា ជនស៊ីវិលជាង ២០នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមច្រកអាកាសរបស់រុស្ស៊ីលើភូមិដ្ឋានប្រជាពលរដ្ឋមួយកន្លែង ស្ថិតនៅតំបន់ភាគខាងកើត Donetsk ហើយលោកបានអំពាវនាវឲ្យសម្ព័ន្ធមិត្តទីក្រុងគីវ បង្កើនសម្ពាធលើទីក្រុងម៉ូស្គូ ឲ្យបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ។

លោកបានសរសេរនៅលើក្នុងសារបង្ហោះលើបណ្តាញព័ត៌មានសង្គម X និងចែករំលែកវីដេអូឃើញសាកសពរាយប៉ាយជិតរថយន្តរងការខូចខាតថា នេះគឺជាការវាយប្រហារដោយផ្ទាល់លើមនុស្សធម្មតា លើជនស៊ីវិលស្លូតត្រង់ ។
លោក Zelenskiy សរសេរថា ពិភពលោកមិនត្រូវស្ងៀមស្ងាត់ទៀតទេ ។ ពិភពលោកមិនត្រូវនៅស្ងៀមទៀតទេ ។ ការឆ្លើយតបត្រូវការពីសហរដ្ឋអាមេរិក ។ ការឆ្លើយតបត្រូវការពីអឺរ៉ូប ។ ការឆ្លើយតបត្រូវការពីក្រុមប្រទេសមានឧស្សាហកម្មលូតលាស់ G20 ។
ទោះបីជាយ៉ាងណាក៏ដោយ នៅមិនទាន់សេចក្តីអត្ថាធិប្បាយភ្លាមៗនោះទេពីវិមានក្រឹមឡាំង ជុំវិញការវាយប្រហារលើកនេះ ។ ទាំងរុស្ស៊ី និងអ៊ុយក្រែន បានធ្វើការច្រានចោលដូចគ្នារាល់គោលដៅលើជនស៊ីវិល នៅក្នុងសង្រ្គាមដែលរុស្ស៊ីបានបើកការវាយលុកកាលពីខែកុម្ភៈ ឆ្នាំ ២០២២ ប៉ុន្តែជនស៊ីវិលរាប់ពាន់នាក់ ត្រូវបានសម្លាប់នៅក្នុងជម្លោះមួយនេះ ដែលភាគច្រើននៃពួកគេគឺជាជនជាតិអ៊ុយក្រែន ៕
