ក្រុមមន្ត្រីបានប្រាប់ឲ្យដឹងនៅថ្ងៃអង្គារ (ទី៩ ខែកញ្ញា) នេះថា ជនសង្ស័យ ២នាក់ដែលជាសមាជិករបស់ក្រុមឧទ្ទាម និងទាហាន ២នាក់ដូចគ្នា ត្រូវបានសម្លាប់ ក្នុងអំឡុងពេលមានការប៉ះទង្គិចគ្នារយៈពេល ២ថ្ងៃ នៅតំបន់ Kashmir គ្រប់គ្រងដោយឥណ្ឌា។
ការប្រយុទ្ធគ្នាដោយកាំភ្លើង បានចាប់ផ្តើមឡើងកាលពីថ្ងៃទី៨ ខែកញ្ញា ក្នុងព្រៃនៅភាគខាងត្បូងតំបន់ Kulgam ជាដែនដីមានជម្លោះ នៅពេលដែលទាហានបានបើកប្រតិបត្តិការស្វែងរកក្រុមសកម្មប្រយុទ្ធប្រដាប់អាវុធ បន្ទាប់ពីទទួលបានតម្រុយ។

អង្គភាព Chinar Corps របស់កងទ័ព បានឲ្យដឹងនៅលើបណ្ដាញសង្គមថា មាន «ការបាញ់កាំភ្លើងតគ្នាយ៉ាងខ្លាំងក្លា» ក្នុងរយៈពេល ២ថ្ងៃ ដែលនាំឲ្យមានការស្លាប់ទាំងសងខាងនេះ។
សេចក្តីថ្លែងការណ៍បានបន្ថែមថា៖ «កងទ័ពឥណ្ឌាសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត និងឈរជាសាមគ្គីភាពជាមួយក្រុមគ្រួសារសពនៃទាហានដែលបានបាត់បង់ជីវិត»។
កងទ័ពបានឲ្យដឹងទៀតថា អត្តសញ្ញាណរបស់ពួកសកម្មប្រយុទ្ធ កំពុងត្រូវបានស៊ើបអង្កេត។ តំបន់មានប្រជាជនមូស្លីមរស់នៅភាគច្រើន គឺ Kashmir ត្រូវបានបែងចែកគ្នាកាន់កាប់ រវាងឥណ្ឌា និងប៉ាគីស្ថាន ចាប់តាំងពីប្រទេសទាំង២ ទទួលបានឯករាជ្យពីការគ្រប់គ្រងរបស់អង់គ្លេស ក្នុងឆ្នាំ១៩៤៧ ហើយភាគីម្ខាងៗ ទាមទារដែនដីនេះទាំងស្រុង។
ក្រុមឧទ្ទាមបានធ្វើការបះបោរប្រឆាំងនឹងការគ្រប់គ្រងរបស់ឥណ្ឌា តាំងពីឆ្នាំ១៩៨៩ ដោយទាមទារឯករាជ្យ សម្រាប់តំបន់ Kashmir ឬការរួមបញ្ចូលជាមួយប៉ាគីស្ថាន។ ជម្លោះនេះបានធ្វើឲ្យមនុស្សរាប់ម៉ឺននាក់ស្លាប់ ដែលភាគច្រើនជាជនស៊ីវិល៕
