អធិការបតីអាល្លឺម៉ង់លោក Friedrich Merz និយាយនៅទីក្រុង Munich នាថ្ងៃអង្គារនេះថា ប្រទេសរបស់លោកគួរតែដឹកនាំការផ្លាស់ប្តូរជំរុញឆ្ពោះទៅមុខក្នុងវិស័យរថយន្តអគ្គិសនី ហើយមិនត្រូវប្រឈមនឹងការដើរក្រោយគេ ដូចជាគូប្រជែងអាស៊ីនោះទេ ហើយរបាំងពាណិជ្ជកម្ម នឹងធ្វើឲ្យកាន់តែពិបាកសម្រាប់ក្រុមហ៊ុនរថយន្តប្រទេសមួយនេះ ក្នុងការប្រកួតប្រជែង ។
អំឡុងសុន្ទរកថាចាប់ផ្តើមបើកពិព័រណ៍រថយន្តក្រុង Munich ដែលជាពិព័រណ៍ធំបំផុតនៅទ្វីបអឺរ៉ុប លោក Merz បានឆ្លុះបញ្ចាំងពីភាពពាក់ព័ន្ធគ្នានៃឧស្សាហកម្មរថយន្តសម្រាប់ប្រទេសសេដ្ឋកិច្ចធំបំផុតរបស់អឺរ៉ុបមួយនេះ ដោយលោកបន្តថា ការរឹតត្បិតខ្លាំងពេកបានបង្កហានិភ័យធ្ងន់ធ្ងរ ។

លោកថា គោលដៅរបស់ពួកយើងគឺធ្វើឲ្យអាល្លឺម៉ង់បន្តស្ថិតក្នុងចំណោមក្រុមហ៊ុនរថយន្តឈានមុខគេនៅលើពិភពលោក និងជាទីតាំងផលិតនាពេលអនាគត ។
លោក Merz បានសង្កត់ធ្ងន់ផងដែរថា ឧស្សាហកម្មរថយន្តនៅតែជាឧស្សាហកម្មសំខាន់សម្រាប់ភាពរុងរឿងប្រទេសរបស់ពួកយើង ប៉ុន្តែលោកបានព្រមានថា វាត្រូវការកែលម្អយ៉ាងទូលំទូលាយ និងតម្រូវឲ្យមានក្របខ័ណ្ឌនយោបាយត្រឹមត្រូវ ដើម្បីទទួលបានភាពជោគជ័យ ៕
