ស្នងការនគរបាលរបស់ទីក្រុង បានឲ្យដឹងនៅថ្ងៃអង្គារ (ទី៩ ខែកញ្ញា) នេះថា យ៉ាងហោចណាស់ក្បាលជ្រូកចំនួន ៩ក្បាល ត្រូវបានគេរកឃើញនៅមុខវិហាររបស់អ្នកកាន់សាសនាឥស្លាម ក្នុងតំបន់ នៅទីក្រុងប៉ារីស ដោយបន្ថែមថា អាចនឹងរកឃើញបន្ថែមទៀត។
លោក Laurent Nunez បានប្រាប់សន្និសីទសារព័ត៌មានថា៖ «ក្បាលជ្រូកទាំងនោះ ត្រូវបានទុកចោលនៅមុខវិហារឥស្លាមមួយចំនួន ដោយ ៤ក្បាល នៅទីក្រុងប៉ារីស និង ៥ក្បាល នៅជាយក្រុង»។ លោកបានបន្ថែមថា នគរបាលមិនបាន «ច្រានចោលនូវលទ្ធភាព ដែលថា ក្បាលជ្រូកផ្សេងទៀត អាចត្រូវបានរកឃើញ»។
ស្នងការនគរបាលក្រុង បានឲ្យដឹងថា នគរបាលបារាំងបានបើកការស៊ើបអង្កេត។ លោក Laurent Nunez បានសរសេរនៅលើបណ្ដាញសង្គម X ថា៖ «កិច្ចប្រឹងប្រែងគ្រប់យ៉ាង កំពុងត្រូវបានធ្វើឡើង ដើម្បីស្វែងរកជនល្មើស ដែលធ្វើនូវទង្វើគួរឲ្យស្អប់ខ្ពើមទាំងនេះ»។
ប្រភពដែលស្និទ្ធនឹងការស៊ើបអង្កេតនេះ បានប្រាប់បណ្ដាញសារព័ត៌មានថា ក្បាលជ្រូកទាំងនោះត្រូវបានរកឃើញ នៅលើផ្លូវសាធារណៈ ហើយ ២ក្បាលទៀតនៅក្បែរតំបន់ក្រៅក្រុង។ រដ្ឋមន្ត្រីមហាផ្ទៃ លោក Bruno Retailleau បានថ្កោលទោសទង្វើនេះ ដោយចាត់ទុកថា ជាសកម្មភាព «ដ៏គួរឲ្យស្អប់ខ្ពើម» និង «មិនអាចទទួលយកបានជាដាច់ខាត»។
ប្រទេសបារាំង គឺជាកន្លែងរស់នៅរបស់សហគមន៍មូស្លីមដ៏ធំបំផុត នៅសហភាពអឺរ៉ុប ក៏ជាទីកន្លែងមានជនជាតិជ្វីហ្វច្រើនជាងគេ នៅខាងក្រៅប្រទេសអ៊ីស្រាអែល និងសហរដ្ឋអាមេរិកផងដែរ៕