យោធាអ៊ីស្រាអែល និយាយនៅថ្ងៃអង្គារនេះថា ពួកគេនឹងបង្កើនការវាយប្រហារទីក្រុងហ្កាហ្សា ហើយនិងបាននិយាយប្រាប់ឲ្យអ្នកស្រុក ចាកចេញជាបន្ទាន់ពីទីនេះ ។
នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu បានចេញការព្រមានស្រដៀងគ្នា ពេលដែលអ៊ីស្រាអែលបង្កើនការទម្លាក់គ្រាប់បែក ជាការត្រៀមខ្លួនសម្រាប់ប្រតិបត្តិការសឹក ដើម្បីរឹបអូសយកទីក្រុងហ្កាហ្សា បើទោះបីជាមានការអំពាវនាវរបស់សកលលោក ឲ្យបញ្ចប់សង្រ្គាមក៏ដោយ ។
លោក Avichay Adraee គឺជាអ្នកនាំពាក្យយោធាអ៊ីស្រាអែល និយាយជាភាសាអារ៉ាប់បង្ហោះនៅលើបណ្តាញព័ត៌មានសង្គម Xថា ជូនចំពោះពលរដ្ឋទាំងអស់នៅក្នុងទីក្រុងហ្កាហ្សា កងកម្លាំងការពារជាតិអ៊ីស្រាអែល បានប្តេជ្ញាថានឹងយកឈ្នះក្រុមហាម៉ាស ហើយនឹងប្រើប្រាស់កម្លាំងដ៏អស្ចារ្យបំផុត នៅទីក្រុងហ្កាហ្សា ។
លោក Khaled Khuwaiter គឺជាពលរដ្ឋហ្កាហ្សាវ័យ ៣៦ឆ្នាំមួយរូប និយាយថា លោកសូមសួរទៅកាន់អ៊ីស្រាអែលវិញថាតើ កន្លែងណាទៅដែលពួកយើងត្រូវទៅនោះ? ការទម្លាប់គ្រាប់បែក និងការសម្លាប់មាននៅគ្រប់ទីកន្លែង ។ ពួកយើងមានតែព្រះទេ ពីព្រោះថា ពិភពលោកបានត្រឹមតែឈរមើលឃាតករប៉ុណ្ណោះ ពួកគេពុំបានធ្វើអ្វីនោះឡើយ ៕