ស្របពេលការឡោមព័ទ្ធដោយកងកម្លាំងគាំទ្ររហ័ស(RSF)របស់ស៊ូដង់ កាន់តែខ្លាំងក្លានៅទីក្រុង al-Fashir ពលរដ្ឋមួយចំនួនតូចដែលអាចបង់ប្រាក់ ដើម្បីរត់គេចបាន បានរៀបរាប់ពីការរស់នៅក្រោមការផ្លោងគ្រាប់កាំភ្លើងធំឥតឈប់ឈរ និងការចរចាអំពើហិង្សានៅប៉ុស្តិ៍ត្រួតពិនិត្យ ដើម្បីអាចចាកចេញពីទីក្រុងមួយនេះបាន ជាទីដែលពលរដ្ឋបង្ខំចិត្តបរិភោគចំណីសត្វ ។
នៅដើមសប្តាហ៍នេះ បេសកកម្មអង្គការសហប្រជាជាតិ(UN) បានរកឃើញថា កងកម្លាំង RSF បានប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនៅទីក្រុង al-Fashir ដែលជាតំបន់លាក់ខ្លួនចុងក្រោយរបស់កងទ័ពស៊ូដង់ នៅតំបន់ Darfur ស្ថិតនៅភាគខាងលិចប្រទេស ។
អ្នកស្រី Dar al-Salam Hamed គឺជាអ្នករត់រួចខ្លួនមួយរូប និយាយថា ស្តាប់ឮរឿងរ៉ាវទំានេះ វាមិនគួរជាទីកន្លែងដែលមានមនុស្សរស់នៅនោះទេ ។
អ្នកស្រីបន្តថា ពេលដែលគាត់ និងគ្រួសារគាត់សម្រេចចិត្តចុងក្រោយដើម្បីចាកចេញ ពួកគេត្រូវបានឆេកឆេរដោយកងកម្លាំង RSF ហើយត្រូវបានគេប្លន់នៅតាមផ្លូវទៀតផង ។ អ្នកស្រីបញ្ជាក់ថា ពួកយើងពិតបន់ស្រន់មែនថាកុំឲ្យជួបមនុស្សទាំងអស់នេះម្តងទៀត ។
សូមបញ្ជាក់ថា សង្រ្គាមរយៈពេល ២ឆ្នាំកន្លះ រវាងកងកម្លាំង RSF និងកងទ័ពស៊ូដង់ បានបង្កើតអ្វីដែល UN ចាត់ទុកថាជាវិបត្តិមនុស្សធម៌ដ៏អាក្រក់បំផុតរបស់លើពិភពលោកនៅប្រទេសស៊ូដង់ ។
UNប៉ាន់ប្រមាណថា មនុស្សជិត ពាក់កណ្តាលលាននាក់ បានរត់ភៀសខ្លួនចេញពីទីក្រុង al-Fashir ចាប់តាំងពីការប្រយុទ្ធគ្នាផ្ទុះឡើងកាលពីខែឧសភា ឆ្នាំ ២០២៤ ហើយមនុស្ស ២៧ម៉ឺននាក់ទៀត បន្តស្នាក់នៅក្នុងទីក្រុងមួយនេះ ៕