ទំនាក់ទំនងរបស់ប្រទេសអេស្ប៉ាញ និងអ៊ីស្រាអែល បានធ្លាក់ចុះដល់កម្រិតអាក្រក់ថ្មី នៅថ្ងៃអង្គារ (ទី៩ ខែកញ្ញា) នេះ ខណៈដែលទីក្រុងម៉ាឌ្រីដ បានចេញការហាមម្រាមលើរដ្ឋមន្ត្រីស្តាំនិយមជ្រុលរបស់រដ្ឋាភិបាលអ៊ីស្រាអែល ២រូប ដោយការសម្រេចនេះ កើតឡើងតែមួយថ្ងៃបន្ទាប់ពីបានប្រកាសនូវវិធានការដែលមានគោលបំណងបញ្ឈប់នូវអ្វីដែលហៅថា «អំពើប្រល័យពូជសាសន៍ នៅតំបន់ហ្កាហ្សា»។
រដ្ឋមន្ត្រីសន្តិសុខជាតិអ៊ីស្រាអែល លោក Itamar Ben Gvir និងរដ្ឋមន្ត្រីហិរញ្ញវត្ថុ លោក Bezalel Smotrich នឹងត្រូវបានដាក់ទណ្ឌកម្ម ហើយ «មិនអាចចូលទឹកដីអេស្ប៉ាញបានទេ»។ នេះបើតាមអ្នកការទូតជាន់ខ្ពស់របស់ទីក្រុងម៉ាឌ្រីដ លោក Jose Manuel Albares ដែលបានប្រាប់សន្និសីទសារព័ត៌មានមួយ។
នាយករដ្ឋមន្ត្រី លោក Pedro Sanchez កាលពីថ្ងៃចន្ទ បានបង្ហាញវិធានការចំនួន ៩ ដើម្បីឆ្លើយតបទៅនឹងសង្គ្រាមដ៏បំផ្លិចបំផ្លាញ នៅតំបន់ហ្កាហ្សា ដែលបានចាប់ផ្តើមឡើង បន្ទាប់ពីមានការវាយប្រហារមិនធ្លាប់មានពីមុនមករបស់ក្រុមហាម៉ាសប៉ាឡេស្ទីន ទៅលើអ៊ីស្រាអែលក្នុងឆ្នាំ២០២៣។
វិធានការនេះ បានរួមបញ្ចូលទាំងការហាមប្រាមមិនឲ្យចូលប្រទេស ចំពោះ «មនុស្សទាំងអស់ដែលចូលរួមដោយផ្ទាល់ក្នុងអំពើប្រល័យពូជសាសន៍ ការរំលោភសិទ្ធិមនុស្ស និងឧក្រិដ្ឋកម្មសង្គ្រាម នៅតំបន់ហ្កាហ្សាស្ទ្រីប»។
ទាំងលោក Ben Gvir និងលោក Smotrich គឺជាគោលដៅនៃការដាក់ទណ្ឌកម្មពីសំណាក់បណ្តាប្រទេសលោកខាងលិចរួចហើយ ដែលរួមមានអង់គ្លេស អូស្ត្រាលី កាណាដា នូវ៉ែលហ្សេឡង់ ហូឡង់ ន័រវែស និងស្លូវេនី។ អេស្ប៉ាញបានដាក់រួចហើយនូវអ្នកតាំងទីលំនៅរបស់អ៊ីស្រាអែលចំនួន ១៣នាក់ទៅក្នុងបញ្ជីទណ្ឌកម្មរបស់ខ្លួន។
សេចក្តីប្រកាសកាលពីថ្ងៃចន្ទ បានបង្កឲ្យមានប្រតិកម្មយ៉ាងខឹងសម្បាពីរដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Gideon Saar ដែលបានចោទប្រកាន់រដ្ឋាភិបាលអេស្ប៉ាញពីបទប្រឆាំងជនជាតិជ្វីហ្វ និងបានចេញបម្រាមលើសមាជិកអ្នកនយោបាយឆ្វេងនិយមជ្រុល ២នាក់របស់ប្រទេសនេះ៕