ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បានតែងតាំងប្រមុខការពារជាតិ លោក សេបាទ្យាន លេក័រនុយ (Sebastien Lecornu) -- ដែលធ្លាប់ជាអ្នកប្រមូលផ្តុំកម្លាំងនៅពីក្រោយតំណែងប្រធានាធិបតីឆ្នាំ២០១៧ របស់លោក Macron -- ឱ្យជានាយករដ្ឋមន្ត្រីថ្មីរបស់បារាំង កាលពីថ្ងៃអង្គារ (៩ កញ្ញា)។

ការជ្រើសតាំងលោក Lecornu វ័យ ៣៩ឆ្នាំរូបនេះ បានបង្ហាញពីការប្តេជ្ញាចិត្តរបស់លោក Macron ក្នុងការបន្តដំណើរទៅមុខជាមួយរដ្ឋាភិបាលសំឡេងភាគតិច ដែលនឹងមិនលុបចោលរបៀបវារៈកំណែទម្រង់គាំទ្រអាជីវកម្មរបស់លោក ដោយនៅក្នុងនោះ ពន្ធលើអាជីវកម្ម និងអ្នកមានទ្រព្យសម្បត្តិ ត្រូវបានកាត់បន្ថយ ហើយអាយុចូលនិវត្តន៍ត្រូវបានបង្កើន។
យ៉ាងណាមិញ នៅក្នុងជំហានដ៏មិនធម្មតាមួយក្នុងនយោបាយបារាំង ការិយាល័យរបស់លោក Macron បាននិយាយថា ប្រធានាធិបតីរូបបនេះបានស្នើឱ្យលោក Lecornu ជួបពិភាក្សាជាមួយកម្លាំងនយោបាយទាំងអស់នៅក្នុងសភា ដើម្បីស្វែងរកការសម្របសម្រួលលើកញ្ចប់ថវិកា និងគោលនយោបាយផ្សេងទៀត មុនពេលដាក់ឈ្មោះគណៈរដ្ឋមន្ត្រីថ្មី។
លោក Lecornu នឹងក្លាយជានាយករដ្ឋមន្ត្រីទី៥ ហើយរបស់លោក Macron ក្នុងរយៈពេលតិចជាង ២ឆ្នាំ បន្ទាប់ពីសភាដ៏បែកបាក់យ៉ាងជ្រៅរវាងក្រុមមនោគមវិជ្ជាប្រឆាំងចំនួន៣ បានរួមគ្នាបោះឆ្នោតដកសេចក្ដីទុកចិត្ត និងទម្លាក់តំណែងលោកអតីតនាយករដ្ឋមន្រ្តី ហ្វ្រង់ស្វ័រ បាយរូ (Francois Bayrou) កាលពីថ្ងៃចន្ទ ជុំវិញផែនការរបស់លោកក្នុងការដោះស្រាយបំណុលជាតិ៕

