ក្រុមហ៊ុន Apple កាលពីថ្ងៃអង្គារ (៩ កញ្ញា) បានបើកបង្ហាញជាផ្លូវការនូវស៊េរីទូរសព្ទ iPhone ថ្មីជាច្រើនម៉ូត ដែលមានមុខងារកាន់តែប្រសើរ រួមទាំងទូរសព្ទ iPhone Air ថ្មីដែលស្តើងខ្លាំងជាងមុន និងរក្សាតម្លៃនៅថេរយ៉ាងគួរឱ្យភ្ញាក់ផ្អើល ស្របពេលពន្ធរបស់លោកប្រធានាធិបតីអាមេរិក Donald Trump បានធ្វើឱ្យប៉ះពាល់ដល់ប្រាក់ចំណេញរបស់ក្រុមហ៊ុន។

ទូរសព្ទ iPhone Air ភ្ជាប់មកជាមួយថ្មដង់ស៊ីតេខ្ពស់ និងប្រព័ន្ធដំណើរការថ្មី ហើយនឹងមានតម្លៃចាប់ពី ៩៩៩ដុល្លារ ឡើងទៅ។ ពិភពហិរញ្ញវត្ថុ Wall Street របស់អាមេរិក កំពុងតែរង់ចាំមើលថា តើក្រុមហ៊ុននឹងដំឡើងតម្លៃ iPhone ថ្មីរបស់ខ្លួន ឬក៏ស្វែងរកផ្លូវជំនួសដើម្បីប៉ះប៉ូវការខូចខាតពីពន្ធ ដូចជាការបង្កើនតម្លៃនៃកំណែ iPhone ជាមួយនឹងទំហំផ្ទុក ឬអង្គចងចាំកាន់តែច្រើន ឬមួយយ៉ាងណា។
Apple ក៏បានបញ្ចេញ iPhone 17 និង iPhone 17 Pro ដែលជាការអាប់ដេតចុងក្រោយបំផុតក្នុងស្មាតហ្វូនកំពូលរបស់ខ្លួន ក៏ដូចជាកំណែថ្មីនៃកាសឥតខ្សែថ្មីគឺ AirPods Pro 3 ដែលមានតម្លៃ ២៤៩ដុល្លារដូចនឹងស៊េរីមុន ហើយនិងឧបករណ៍វាស់សម្ពាធឈាមក្នុង Apple Watch ចុងក្រោយបង្អស់របស់ខ្លួន។
ទូរសព្ទកំណែអង្គចងចាំ ២៥៦ជីហ្គាបៃ នៃម៉ូដែល iPhone 17 ធម្មតា នឹងចាប់ផ្តើមនៅតម្លៃ ៧៩៩ដុល្លារ ដែលដូចគ្នានឹង iPhone 16 ម៉ូដែលមុន ដែលមានទំហំផ្ទុកពាក់ត្រឹមកណ្តាលនេះប៉ុណ្ណោះ។ ចំណែក iPhone 17 Pro ទំហំផ្ទុក ២៥៦ជីហ្គាបៃ នឹងចាប់ផ្តើមពី ១.០៩៩ដុល្លារ — ដូចទៅនឹងម៉ូដែលឆ្នាំមុន ដែលមានទំហំផ្ទុកដូចគ្នា — ប៉ុន្តែមិនមានជម្រើសទូរសព្ទដែលមានទំហំផ្ទុកតូចជាង ក្នុងតម្លៃ ៩៩៩ដុល្លារ ដូច iPhone 16 Pro នោះទេ។ ជាមួយគ្នានេះ Apple ក៏មិនបានដំឡើងថ្លៃលើម៉ូដែលនាឡិកា ឬកាស AirPods Pro 3 ថ្មីនោះដែរ៕

