អ៊ីស្រាអែល បានប៉ុនប៉ងសម្លាប់ក្រុមមេដឹកនាំនយោបាយរបស់ក្រុមហាម៉ាសដោយការវាយប្រហារតាមអាកាសលើប្រទេសកាតាកាលពីថ្ងៃអង្គារទី ៩ ខែកញ្ញាដោយបង្កើនសកម្មភាពយោធារបស់ខ្លួននៅមជ្ឈិមបូព៌ា ទន្ទឹមអ្វីដែលសហរដ្ឋអាមេរិកបានហៅថាជាការវាយប្រហារឯកតោភាគីដែលមិនជំរុញផលប្រយោជន៍អាមេរិកនិងអ៊ីស្រាអែល។

ក្រុមហាម៉ាស អះអាងថាមេដឹកនាំរបស់ខ្លួនបានរួចផុតពីសេចក្ដីស្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅប្រទេសកាតា តែបញ្ជាក់ថា សមាជិករបស់ខ្លួន៦នាក់បានស្លាប់។
ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា លោកមិនសប្បាយចិត្តជាខ្លាំងចំពោះគ្រប់ទិដ្ឋភាពនៃការវាយប្រហាររបស់អ៊ីស្រាអែល ហើយនឹងផ្តល់សេចក្តីថ្លែងការណ៍ពេញលេញពីបញ្ហានេះនៅថ្ងៃពុធសប្ដាហ៍នេះ ហើយថានេះជាការព្រមានតិចតួចប៉ុណ្ណោះ។
លោក Trump បាននិយាយនៅពេលលោកទៅដល់ភោជនីយដ្ឋាន Washington ថា លោកមិនរំភើបចំពោះរឿងនេះទេ ។វាមិនមែនជាស្ថានភាពល្អទេ ប៉ុន្តែលោកចង់ឱ្យចំណាប់ខ្មាំងត្រឡប់មកវិញ។

ខណៈអ៊ីស្រាអែលបានការពារការវាយប្រហារថាមានភាពយុត្តិធម៌ កាតាបាននិយាយថា អ៊ីស្រាអែលគឺជាជនក្បត់ និងចូលរួមក្នុងអំពើភេរវកម្មរដ្ឋ។នាយករដ្ឋមន្ត្រីកាតាលោក Sheikh Mohammed bin Abdulrahman al-Thani បាននិយាយថា ការវាយប្រហារតាមអាកាសដែលគំរាមកំហែងដល់ការចរចាសន្តិភាពដែលប្រទេសកាតា បាននិងកំពុងសម្របសម្រួលរវាងក្រុមហាម៉ាស និងអ៊ីស្រាអែល។
លោក Trump បាននិយាយថា លោកបានចាត់ទុកការវាយលុកលើក្រុមហាម៉ាសជាគោលដៅដ៏សក្តិសម ប៉ុន្តែលោកមានអារម្មណ៍មិនល្អព្រោះការវាយប្រហារបានកើតឡើងនៅក្នុងរដ្ឋឈូងសមុទ្រអារ៉ាប់ ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់មិនមែនសមាជិកអង្គការណាតូរបស់ទីក្រុងវ៉ាស៊ីនតោន និងជាទីដែលក្រុមអ៊ីស្លាមប៉ាឡេស្ទីនមានមូលដ្ឋាននយោបាយជាយូរមកហើយ៕