បាតុកម្មដោយកំហឹងកំពុងបន្តនៅក្នុងប្រទេសនេប៉ាល់ ទោះបីជាបន្ទាប់ពីនាយករដ្ឋមន្ត្រីរបស់ប្រទេសលាលែងពីតំណែងក៏ដោយ។ បាតុករមួយចំនួនបានវាយប្រហារគណៈរដ្ឋមន្ត្រី និងដុតអគារសភា។

ការតវ៉ា ដែលជាចម្បងធ្វើឡើងដោយដោយមនុស្សវ័យក្មេង បានផ្ទុះឡើងនៅទូទាំងប្រទេសកាលពីថ្ងៃចន្ទ។ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយនិយាយថា បាតុករមួយចំនួនបានប៉ះទង្គិចជាមួយនគរបាលនៅក្នុងការតវ៉ាដែលបានបណ្តាលឱ្យមនុស្ស១៩នាក់ស្លាប់ និងជាង៣០០នាក់ផ្សេងទៀតរងរបួស។

ក្រុមបាតុករ បានតវ៉ាចំពោះសេចក្តីសម្រេចរបស់រដ្ឋាភិបាលក្នុងការបិទដំណើរប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមមួយចំនួនរួមទាំង Facebook ផងដែរ។ វិធានការនេះ ត្រូវបានចាត់ទុកមួយផ្នែកជាសកម្មភាពប្រឆាំងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត។ រដ្ឋាភិបាល បានដកចេញវិធានការនេះដើម្បីព្យាយាមធ្វើឲ្យស្ថានការណ៍ស្ថិតក្រោមការគ្រប់គ្រង។ ប៉ុន្តែមនុស្សជាច្រើនបានបំពានទៅនឹងបម្រាមគោចរ និងបានចេញដើរតាមដងផ្លូវជាថ្មីម្តងទៀត ដោយជំរុញឱ្យនាយករដ្ឋមន្ត្រី លោក Khadga Prasad Sharma Oli ចុះចេញពីតំណែង។
វីដេអូដែលត្រូវបានថតដោយអ្នកស្រុកបង្ហាញពីមនុស្សជាច្រើនគប់ដុំថ្មសំដៅទៅលំនៅឋាននាយករដ្ឋមន្ត្រី ហើយមានផ្សែងខ្មៅហុយចេញពីទីនោះ។ អគារសភាក៏មានអគ្គិភ័យឆាបឆេះ។ ប្រព័ន្ធផ្សព្វផ្សាយនិយាយថា មនុស្សមួយចំនួនបានសម្រុកចូលទៅក្នុងលំនៅឋានរបស់អតីតនាយករដ្ឋមន្ត្រី ខណៈរដ្ឋមន្ត្រីគណរដ្ឋមន្ត្រីជាច្រើនរូបត្រូវបានជម្លៀសចេញដោយឧទ្ធម្ភាគចក្រយោធា។
អាកាសយានដ្ឋានអន្តរជាតិ Tribhuvan នៅរដ្ឋធានី Kathmandu បានបិទ បន្ទាប់ពីមានផ្សែងហុយឡើងនៅជិតតំបន់នោះ។ ប្រធានាធិបតី លោក Ramchandra Paudel បានចេញសេចក្តីថ្លែងការណ៍មួយជំរុញឱ្យពលរដ្ឋដែលតវ៉ាចូលរួមសហការដោះស្រាយវិបត្តិដោយសន្តិវិធី។