ប្រជាជនប៉ាឡេស្ទីនដែលរស់នៅក្នុងទីក្រុងហ្កាហ្សាគ្របដណ្ដប់ដោយការបំផ្លិចបំផ្លាញ ទទួលបាន ខិត្តប័ណ្ណរបស់អ៊ីស្រាអែលកាលពីថ្ងៃអង្គារសប្ដាហ៍នេះ បញ្ជាឱ្យពួកគេចាកចេញ បន្ទាប់ពីអ៊ីស្រាអែលបាននិយាយថា ខ្លួនហៀបនឹងកម្ទេចតំបន់នេះក្នុងការវាយលុកដើម្បីកម្ចាត់ក្រុមហាម៉ាស ដែលបង្កឱ្យមានការភ័យស្លន់ស្លោ និងភាពចលាចល។

ក្រុមអ្នកស្រុកនៅក្នុងទីក្រុង ដែលជាជម្រករបស់ជនជាតិប៉ាឡេស្ទីនមួយលាននាក់ មុនសង្រ្គាម បាននិងកំពុងរំពឹងថានឹងមានការវាយប្រហារជាច្រើនសប្តាហ៍ ចាប់តាំងពីរដ្ឋាភិបាលអ៊ីស្រាអែលបានរៀបចំផែនការដើម្បីវាយលុកយ៉ាងធ្ងន់ធ្ងរលើក្រុមហាម៉ាស នូវអ្វីដែលខ្លួននិយាយថាជាទីតាំងរឹងមាំចុងក្រោយរបស់ក្រុមសកម្មប្រយុទ្ធនេះ ។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បាននិយាយថា លោកប្រាប់អ្នកស្រុកហ្កាហ្សាឲ្យឆ្លៀតឱកាសនេះ ហើយស្តាប់សម្ដីលោកដោយប្រយ័ត្នប្រយែង ថា អ្នកត្រូវបានគេព្រមាន ចូរចាកចេញពីទីនោះ! ។
យោធាអ៊ីស្រាអែលបានទម្លាក់ខិត្តប័ណ្ណបញ្ជាជម្លៀស ទៅកាន់អ្នកស្រុកដែលឈរនៅចំកណ្តាលគំនរថ្មបាក់បែកនៃទីក្រុង ហ្កាហ្សា ជាកន្លែងដែលខ្លួន បានទម្លាក់គ្រាប់បែកលើអគារលំនៅដ្ឋានរាបដល់ដីក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ។
បទបញ្ជាជម្លៀសបានបង្កឱ្យមានការភ័យស្លន់ស្លោ ក្នុងចំណោមអ្នកស្រុកនៅកណ្តាលទីក្រុងដ៏ធំបំផុតរបស់ដែនដីនេះ ដែលនិយាយថាគ្មានកន្លែងសុវត្ថិភាពដើម្បីគេចចេញពីការទម្លាក់គ្រាប់បែក និងវិបត្តិមនុស្សធម៌ទេ។ អ្នកខ្លះបាននិយាយថាពួកគេនឹងគ្មានជម្រើសអ្វីក្រៅពីចាកចេញទៅភាគខាងត្បូង ប៉ុន្តែមនុស្សជាច្រើនបាននិយាយថាពួកគេនឹងបន្តស្នាក់នៅ ហើយពុំមានសញ្ញាភ្លាមៗនៃការចាកចេញដ៏ច្រើនសម្បើមនោះទេ៕

