បាល់ទាត់៖ ក្រុមជើងឯករងបាល់ទាត់ទ្វីបអាហ្វ្រិក ២សម័យសេណេហ្កាល់បានបន្តដំណើរឡើងវគ្គ ៨ក្រុមចុងក្រោយហើយនៃព្រឹត្តិការណ៍បាល់ទាត់ទ្វីបអាហ្វ្រិក Africa Cup of Nations ដែលធ្វើនៅទឹកដីកាមេរូនក្រោយយកឈ្នះកាប់វែរ ២-០។ ក្រុមកាប់វែរចាប់ផ្តើមបានតែ ២១នាទីក៏បាត់បង់កីឡាករម្នាក់ដោយខ្សែបម្រើ Patrick Andrade ទទួលបានកាតក្រហមបណ្តេញចេញពីការប្រកួត។

ឈានដល់វគ្គទី២ កាប់វែរកាន់តែយ៉ាប់ក្រោយអ្នកចាំទី Evora Dias ទទួលបានកាតក្រហមមួយទៀតក្រោយប៉ះទង្គិចក្បាលខ្លាំងជាមួយ Sadio Mane។ ក្រោយមកខ្សែប្រយុទ្ធ Liverpool រូបនេះក៏រកបានគ្រាប់នាំមុខបានសំរេចឱ្យសេណាហ្កាល់នៅនាទីទី៦៣ មុនពេលដែល Bamba Dieng សំរេចគ្រាប់ធានាជ័យជំនះនៅនាទីទី៩០+៣។ ជុំបន្តសេណេហ្កាល់ដែលមិនទាន់ស្គាល់ពាន Africa Cup of Nations នៅឡើយនោះនឹងជួបជាមួយម៉ាលី រឺអេក្វាទ័រហ្គីណេដែលជួបគ្នាយប់នេះ។
ចំណែកមួយគូទៀតយប់មិញដែរក្រុមជើងឯកឆ្នាំ១៩៧៦ ម៉ារ៉ុកបានឈានឡើងវគ្គ ៨ក្រុមចុងក្រោយហើយក្រោយយកឈ្នះម៉ាឡាវី ២-១។ ខ្សែប្រយុទ្ធក្រុម Orlando Pirated, Gabadinho Mhango ជាអ្នកបើកការនាំមុខឱ្យម៉ាឡាវីមុនតាំងពីនាទីទី៧។ យ៉ាងណាក្តីហៀបនឹងចប់វគ្គទី១ ទៅហើយពោលគឺនាទីទី៤៥+២ ម៉ារ៉ុកក៏តាមស្មើវិញដោយ Youssef En-Nesyri។ ឈានចូលវគ្គទី២ ខ្សែការពារ Paris Saint Germain, Achraf Hakimi ជាអ្នកសំរេចគ្រាប់ជ័យជំនះឱ្យម៉ារ៉ុកឡើងវគ្គ ៨ក្រុមចុងក្រោយដោយនឹងត្រូវជួបជាមួយអេហ្ស៊ីប រឺកូឌីវ័រដែលជួបគ្នាយប់នេះ៕
អត្ថបទ៖នាង សុភាវុធ