យោធាប៉ូឡូញ បាននិយាយថា ខ្លួនបានដាក់ដំណើរប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន និងសម្ព័ន្ធមិត្តណាតូ ហើយបានបាញ់ទម្លាក់ “ឧបករណ៍ដែលដូចយានដ្រូន” របស់រុស្ស៊ី នៅក្នុងថ្ងៃពុធ (១០ កញ្ញា) នេះ បន្ទាប់ពីវត្ថុនោះហោះឆ្លងកាត់ពីប្រទេសជិតខាងអ៊ុយក្រែន ដោយនេះជាលើកដំបូងបំផុតក្នុងសង្គ្រាមអ៊ុយក្រែនដែលទីក្រុងវ៉ាស៊ូវី ពិនិត្យឃើញទ្រព្យសម្បត្តិយោធារុស្ស៊ី នៅក្នុងដែនអាកាសរបស់ខ្លួន។

បញ្ជាការយោធារបស់ប៉ូឡូញ បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា "អំឡុងពេលនៃការវាយប្រហារថ្ងៃពុធនេះដោយសហព័ន្ធរុស្ស៊ី សំដៅលើគោលដៅនានានៅទឹកដីអ៊ុយក្រែន ដែនអាកាសរបស់ប៉ូឡូញត្រូវបានរំលោភបំពានម្តងហើយម្តងទៀតដោយឧបករណ៍យោធាប្រភេទយានដ្រូន"។

លោកនាយករដ្ឋមន្រ្តីប៉ូឡូញ Donald Tusk បានបញ្ជាក់ថា ប្រតិបត្តិការមួយពិតជាកំពុងដំណើរការ ដែលទាក់ទងទៅនឹងការរំលោភបំពានដែនអាកាសប៉ូឡូញ។
យោធាសង្កត់ធ្ងន់ថា ប្រតិបត្តិការយោធាកំពុងបន្ត ហើយបានជំរុញឱ្យប្រជាជនប្រុងប្រយ័ត្ន និងស្នាក់នៅក្នុងផ្ទះសម្បែង ដោយដាក់ឈ្មោះតំបន់ Podlaskie, Mazowieckie និង Lublin ថាជាតំបន់ដែលមានហានិភ័យបំផុត។ ជាមួយគ្នានេះ ប៉ូឡូញក៏បានបិទអាកាសយានដ្ឋានចំនួន៤ រួមទាំងអាកាសយានដ្ឋាន Chopin ដ៏សំខាន់នៅក្នុងទីក្រុងវ៉ាស៊ូវី នេះបើយោងតាមរដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិក ប៉ុន្តែពុំមានការបញ្ជាក់ជាផ្លូវការពីអាជ្ញាធរប៉ូឡូញនោះទេ៕